ខេត្តកណ្ដាល: ជនសង្ស័យម្នាក់ វាយមួយដៃនិងយកកាំបិតកាប់ទៅលើគូរទំនាស់របស់ខ្លួន បណ្ដាលឲ្យរងរបួសយ៉ាងដំណំ បន្ទាប់ពីផឹកស្រាជាមួយគ្នាទាស់ពាក្យសម្ដី ។ករណីនេះបានកើតឡើងថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង១៤និង៣៦នាទី ចំណុចភូមិស្តុកឈូក ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆន ធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ទិញអេតចាយ មានទីលំនៅភូមិ ស្តុកឈូក ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ចំណែកជនសង្ស័យឈ្មោះ ហួន វន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ ស្តុកឈូក ឃុំ ទំនប់ធំ ស្រុក ពញាឮ ខេត្ត កណ្តាល។ វត្ថុតាងចាប់យក៖ កាំបិតផ្គាក់ ធ្វើពីដែក គ្មានដង ប្រវែង ៤៣ សង់ទីម៉ែត្រ
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យបានផឹកស្រាជាមួយគ្នា រួចទាស់ពាក្យសម្ដីដោយសាររឿងបបួលគ្នាប្រណាំងម៉ូតូ រហូតឈានដល់ធ្វើឲ្យជនសង្ស័យវាយទៅលើជនរងគ្រោះមួយដៃចំភ្នែក បន្ទាប់ពីវារួចជនសង្ស័យនៅតែមិនអស់ចិត្តក៏បានស្ទុះទៅយកកាំបិតផ្គាក់ពីក្រោមគ្រែ កាប់ទៅលើជនរងគ្រប់បន្ថែមទៀតចំក្បាលបណ្ដាលឲ្យរងរបួសយ៉ាងដំណំ ។
ក្រោយពីមានហេតុការកើតឡើងជនសង្ស័យត្រូវបានសាច់ញាតិជនរងគ្រោះប្តឹងសមត្ថកិច្ចស្រុកពញាឮឃាត់ខ្លួនដើម្បីចាត់ការតាមច្បាប់។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ ៕ដោយ៖ស្អាងជ័យ