ភ្នំពេញ ៖ ដើម្បីសម្រួលដល់កិច្ចដំណើរការអនុវត្តការងារជួសជុល ពង្រីកផ្លូវ ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី សង្កាត់ចំនួន៦ ក្នុងខណ្ឌសែនសុខ ត្រូវផ្អាកផ្គត់ផ្គត់អគ្គិសនី រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។ ប៉ុន្តែក្នុងនោះ ក៏មានតំបន់មួយចំនួនផ្សេងទៀត ចាប់ផ្តើមផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៨ព្រឹកនេះតែម្តង រួមមានខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌដង្កោ និងក្រុងតាខ្មៅ ពោលគឺមានរយៈពេលសរុបចំនួន ៤ថ្ងៃ ។
បើតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ក្នុងទឹកដីនៃខណ្ឌសែនសែន សង្កាត់ទាំង៦ ដែលនឹងត្រូវផ្អាកផ្គត់ផ្គង់អគ្គិសនី រួមមាន សង្កាត់ក្រាំងធ្នង់ សង្កាត់គោកឃ្លាង សង្កាត់ភ្នំពេញថ្មី សង្កាត់ទឹកថ្លា សង្កាត់អូបែកក្អម និងសង្កាត់ឃ្មួញ។
ទន្ទឹមនឹងនេះ សង្កាត់មួយចំនួន ក្នុងខណ្ឌដទៃផ្សេងទៀតនៅរាជធានីភ្នំពេញ មានដូចជាខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឬស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌព្រែកព្នៅ រួមទាំងតំបន់ខ្លះ ក្នុងខេត្តកណ្តាល ក៏នឹងត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនីដូចគ្នាចន្លោះពី ៥ម៉ោង-៨ម៉ោង ដោយចាប់ផ្តើមពីម៉ោង ៨ព្រឹក ដល់ ៤រសៀល ថ្ងៃទី៣១ ខែសីហានេះតែម្តង។
គួរបញ្ជាក់ថា បើទោះបីជាមានការខិតខំថែរក្សា មិនឱ្យមានការប៉ះពាល់ដល់ ការផ្គត់ផ្គង់អគ្គិសនីធំដុំក៏ដោយ តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខ្លះ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ហេតុនេះ អគ្គិសនីកម្ពុជាស្នើសុំអភ័យទោសទុកជាមុន។
គេសង្កេតឃេីញថា មួយរយៈនេះដោយសារតែមានការជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជាជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យតំបន់មួយចំនួនក្នុងក្រុងភ្នំពេញ មិនមានចរន្តអិគ្គសនីប្រើប្រាស់ ក្នុងមួយរយៈពេល ជាញឹកញាប់។ អាស្រ័យហេតុនេះ អគ្គិសនីកម្ពុជា ស្នើដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ ខាងលើ មានការយោគយល់អាធ្យាស្រ័យ៕ដោយ ៖ ភារ៉ា ដង្កោ