ខេត្តកណ្តាល : លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា ការចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី គឺជារឿងចាំបាច់សម្រាប់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិតចំនួនជិត ២ម៉ឹននាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបន្តថា ការជួបសំណេះសំណាលនេះ ជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់បងប្អូនកម្មករ-កម្មការិនីតែម្តង។ លោកបណ្ឌិតនាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាក់ថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅបន្តដឹកនាំប្រទេស នឹងនៅបន្តផ្តល់ឱកាសការងារដល់បងប្អូនកម្មករ-កម្មការិនី តាមរយៈការធានាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។
នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងពីគោលការណ៍មួយចំនួនដើម្បីថែរក្សាស្ថេរភាពសេដ្ឋកិច្ចរបស់ពលរដ្ឋ។
គោលការណ៍ទាំងនោះរួមមានការស្វែងរកការងារជូនប្រជាពលរដ្ឋ ការបែងចែកផលលាបនិងយុត្តិធម៌សង្គម និងការថែរក្សានិរន្តរភាពទាំងនេះ។
លោកបណ្ឌិតមានប្រសាសន៍ថា៖ «ជួយពលរដ្ឋឱ្យមានសេដ្ឋកិច្ចតាមរយៈការបង្កើតការងារបានគ្រប់គ្រាន់ជំរុញសេដ្ឋកិច្ច។ឲ្យបានគ្រប់វិស័យ និងផលលាបបានចែកទៅដល់ប្រជាពលរដ្ឋគ្រប់គ្នាទាំងអស់៕
ដោយ : សិលា