ស្ថានភាពសន្តិសុខក្នុងប្រទេសអេក្វាឌ័របានបង្ហាញពីសញ្ញានៃការកាន់តែអាក្រក់ទៅៗ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកក្នុងរថយន្តជាបន្តបន្ទាប់និងការបះបោរនៃអ្នកទោសនៅក្នុងកន្លែងឃុំឃាំងយ៉ាងហោចណាស់៦។ បន្ទាប់មកចាប់មន្ត្រីអនុវត្តច្បាប់ចំនួន 57 នាក់ធ្វើជាចំណាប់ខ្មាំង។
សារព័ត៌មាន France 24 បានដកស្រង់សេចក្តីប្រកាសមួយពីអាជ្ញាធរអេក្វាឌ័រដែលបញ្ជាក់ថា យ៉ាងហោចណាស់មានការវាយប្រហារដោយគ្រាប់បែកក្នុងរថយន្តចំនួនពីរបានកើតឡើងនៅជិតទីភ្នាក់ងារគ្រប់គ្រងពន្ធនាគារ SNAI របស់ប្រទេសអេក្វាឌ័រ ដែលមានទីតាំងនៅក្នុងរដ្ឋធានីគីតូ។ រួមជាមួយនឹងការវាយប្រហារជាបន្តបន្ទាប់ដែលបានកត់ត្រានៅក្នុងតំបន់មួយចំនួនកាលពីថ្ងៃទី 31 ខែសីហា (ម៉ោងក្នុងស្រុក)។
ប៉ុន្មានម៉ោងក្រោយមកពន្ធនាគារ SNAI បានបានប្រកាសថា អ្នកទោសនៅក្នុងកន្លែងឃុំឃាំងចំនួនប្រាំមួយនៅទូទាំងប្រទេសអេក្វាឌ័របានផ្ទុះកុបកម្ម ដោយបានចាប់ឆ្មាំពន្ធនាគារជាង50នាក់និងមន្រ្តីប៉ូលិសប្រាំពីរនាក់ជាចំណាប់ខ្មាំង។ រដ្ឋមន្ត្រីមហាផ្ទៃអេក្វាឌ័រ លោក Juan Zapata បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងរដ្ឋធានី Quito ថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់មន្រ្តី” ។
នាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុង Cuenca ដែលជាពន្ធនាគារមួយក្នុងចំណោមពន្ធនាគារដែលបានកត់ត្រាពីភាពវឹកវរបាននិយាយថា ការផ្ទុះមួយបានកើតឡើងនៅមន្ទីរឃុំឃាំងខាងលើកាលពីយប់ថ្ងៃទី ៣១ ខែសីហា បណ្តាលឱ្យខូចខាតរថយន្ត។ អាជ្ញាធរអេក្វាឌ័រមិនបានកត់ត្រាអ្នកស្លាប់និងរបួសណាមួយទេបន្ទាប់ពីមានឧប្បត្តិហេតុជាបន្តបន្ទាប់។
ភាពចលាចលនៅក្នុងពន្ធនាគារអេក្វាឌ័របានផ្ទុះឡើង ខណៈដែលអាជ្ញាធរនៅក្នុងប្រទេសអាមេរិកខាងត្បូងបានចាប់ផ្តើមប្រតិបត្តិការស្វែងរកអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះនៅឯពន្ធនាគារដ៏សំខាន់មួយរបស់ប្រទេសក្នុងទីក្រុង Latacuunga ភាគខាងត្បូង។
យោងតាម DW ពន្ធនាគារគឺជាកន្លែងដែលការតស៊ូអំណាចដោយក្រុមឧក្រិដ្ឋជនអេក្វាឌ័រកើតឡើង។ ពន្ធនាគារនៅ Latacunga, Cuenca ត្រូវបានគេជឿថាត្រូវបានគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជន Los Lobos ។ ជម្លោះរវាង Los Lobos នឹងក្រុមឧក្រិដ្ឋជនផ្សេងទៀតបានធ្វើឱ្យអ្នកទោសចំនួន 430 នាក់បានស្លាប់ចាប់តាំងពីឆ្នាំ 2021មក ៕ ដោយធីរីណា
រូបថត: AP