ខេត្តបន្ទាយមានជ័យៈ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យជាជនជាតិថៃ ២នាក់ប្តីប្រពន្ធនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរនូវសារធាតុញៀនខុសច្បាប់ រួមទាំងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដើម្បីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់គ្រប់អធិការនគរបាលក្រុង ស្រុក ត្រូវមានផែនការស៊ើបអង្កេតបទល្មើសគ្រឿងញៀនតាមវិធានការជំនាញឲ្យដូចជាភ្លៀងរលឹម ។ ជាលទ្ធផលនៅវេលាម៉ោង៥ល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ថានៅម្តុំភោជនីយដ្ឋានប៊ូសោភ័ណ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានករណីរក្សាទុនិងជួញដូរនូវសាធាតុញៀខុសច្បាប់ ។ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលពីលោកលឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។ ភ្លាមៗនោះកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះទៅឆែកឆេរនិងត្រួតពិនិត្យផ្ទះជនសង្ស័យ រកឃើញវត្ថុតាងម្សៅក្រាមពណ៌សថ្លា (Ice)សង្ស័យសាធាតុញៀនចំនួន៣ថង់ធំ មានទម្ងន់៣,០០៧.១២ក្រាម (៣ពាន់៧ចុច១២ក្រាមថ្លឺងសាច់ថ្នាំសុទ្ធ ដាក់ក្នុងកាបូបស្ពាយពណ៌ខ្មៅនិងឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ២នាក់ប្តីប្រពន្ធ ១/-ឈ្មោះ ស៊ូចាត រាម៉ា ភេទប្រុសអាយុ៤២ឆ្នាំ ជាប្តីនិងប្រពន្ធឈ្មោះ ណាក់ដា រ៉ាម៉ាន អាយុ ៣៨ឆ្នាំ ដែលបានមកជួលផ្ទះនៅម្តុំភោជនីយដ្ឋានប៊ូសោភ័ណ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិន ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា៖តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ពួកគេទើបតែមកស្នាក់នៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក៏ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនជាមួយនឹងការរកឃើញវត្ថុតាងម្សៅក្រាមពណ៌សថ្លា(Ice)សង្ស័យសាធាតុញៀនចំនួន៣ថង់ធំ ។
លោកឧត្តមសេនីយ៍ត្រី ស្នងការរងបានបញ្ជាក់បន្ថែមថា៖ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលការិយាល័យ ជំនាញប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ៖ វណ្ណា