ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបានបញ្ជូនក្រុមក្មេងទំនើងចំនួន៥នាក់ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ដើម្បីចាត់ការតាមផ្លូវច្បាប់។
សមត្ថកិច្ចប្រាប់ថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្រោយពីមានសកម្មភាពក្មេងទំនេីងបង្កហិង្សាកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានដឹកនាំកងកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្មេងទំនេីងបានជាបន្តបន្ទាប់ចំនួន៥នាក់ ក្នុងចំណោមបក្ខពួកជាច្រេីននាក់ កាលពីវេលាម៉ោង១៤និង៣៥នាទីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្មេងទំនេីងទាំង៥នាក់មាន ១.ឈ្មោះ វណ្ណ វិសាល (ហៅយ៉ា) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ នេត នូ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ៣.ឈ្មោះ ហឿម គឹមហាវ (ហៅហួរ) ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ៤.ឈ្មោះ សែត ប៊ុនយ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ៥.ឈ្មោះ ធូ សំណាង ហៅដែន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ មានករណីហិង្សាដោយចេតនាបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខសាលាបឋមសិក្សាគោរដ្ឋាន ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយជនសង្ស័យចំនួន០២ក្រុម មានគ្នាប្រហែល១២នាក់ បានធ្វើសកម្មភាពដេញវៃ និងយកដុំថ្ម មួកសុវត្ថិភាពគប់គ្នាទៅវិញទៅមកបង្កភាពអនាធិបតេយ្យនិងអសន្តិសុខនៅមូលដ្ឋាន។ ក្រោយពីទទួលបានព័ត៌មាន និងទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងមូលដ្ឋានចុះប្រតិបត្តិការនិងធ្វើការស្រាវជ្រាវភ្លាមៗរហូតឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៥នាក់ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាំមកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។ ក្នុងចំណោមក្មេងទំនេីងទាំង៥នាក់ កម្លាំងកងរាជអាវុធហត្ថបានធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញមានចំនួន០៤នាក់ផងដែរ។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ក្មេងទំនេីងទាំង០៥នាក់ខាងលើបានឆ្លើយបដិសេធថា ពួកខ្លួនមិនបានចូលរួមប្រព្រឹត្តសកម្មភាពកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នោះទេ គឺក្រុមOMB អូរអំបិលជាអ្នកបង្កហិង្សា តែក្មេងទំនេីងខាងលើបានទទួលស្គាល់ថា កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្រុមរបស់ខ្លួន BTK (ក្រុមបឹងត្រកួន) រួមជាមួយក្រុម KRK(ក្រុមការ៉េមកី) និងក្រុមវិទ្យាល័យ សម្តេចឪ ពិតជាមានជម្លោះឈានដល់ការប្រើហិង្សាគប់ទៅលើ ក្រុមOMB (ក្រុមអូរអំបិល) ដែលជាគូជម្លោះពិតប្រាកដមែន ហើយក្រុមខាងលើគឺតែងតែបង្កអសន្តិសុខក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណជាញឹកញាប់។ រាល់ពេលក្រុមខាងលើបង្កបញ្ហា ក្រុមខ្លួនគឺមិនប្ដឹងសមត្ថកិច្ចនោះទេ គឺចាំសងសឹកគ្នាទៅវិញទៅមក។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្នជនក្មេងទំនេីងទាំង៥នាក់នោះត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕ ដោយ៖ វណ្ណា