ភ្នំពេញៈ យុវជនបីនាក់ដែលបង្ហោះម៉ូតូ តាមផ្លូវសាធារណៈ រំខានដល់អ្នកដំណើរ ត្រូវបាន កម្លាំងនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួន ធ្វើការអប់រំណែនាំ និង ចាប់ដោះកង់មុខចេញហើយអោយម្ចាស់ម៉ូតូ កាន់កង់មុខ លោតជុំវិញដងទង់ជាតិ ។
ករណី ឃាត់ខ្លួន យុវជនទាំងបីនាក់ដែលបង្ហោះម៉ូតូ លើផ្លូវសាធារណៈនេះ បានធ្វើឡើង នៅវេលាម៉ោង៥,៣០នាទី ល្ងាចថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២៣ នៅចំណុច ផ្លូវបេតុងទល់មុខស្ថានីយទូទស្សន៍បាយ័ន ស្ថិតក្នុងភូមិបឹងស្នោសង្កាត់និរោធខណ្ឌច្បារអំពៅ ។
យុជនទាំង៣នាក់មានឈ្មោះ
១– ឈ្មោះគូ សារ៉ាន់ ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ បន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ៣ ជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ស ផ្លាកលេខ ភ្នំពេញ ១JV-០៧៤៣។
២– ឈ្មោះកីម កុលបុត្រ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់ នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
៣–ឈ្មោះ នួន ឧត្តម ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់ នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ
ជិះម៉ូតូ ០១គ្រឿង ឌុបគ្នា ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល ១P-៧៥៨៥។
លោកវរៈសេនីយ៍ឯក ម៉ៅ សឿត បានអោយដឹងថា ក្រោយសមត្ថកិច្ចចាប់បានឥឡូវម៉ូតូទាំង២គ្រឿងត្រូវបានដោះកង់មុខចេញហើយអោយម្ចាស់ម៉ូតូកាន់កង់លោតជុំវិញដងទង់ជាតិនិងនិយាយពីកំហុសឆ្គងរបស់ខ្លួន ហើយស្រែកខ្លាំងៗប្រាប់ទៅយុវជនដទៃទៀតកុំអោយធ្វើដូចខ្ញុំ ។ យុវជនទាំង៣នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្នដើម្បីធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យា និងអោយអាណាព្យាបាលមកផ្តិតមេដៃធានាយកកូននិងម៉ូតូទៅវិញ ៕ដោយ៖ សណ្តោស
