នាយករដ្ឋមន្ត្រី Li Qiang នឹងទៅចូលរួមកិច្ចប្រជុំកំពូល G20 ជំនួសប្រធានាធិបតីស៊ី ជីនពីង

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសចិនដែលបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងញូវដេលី ប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 នាចុងសប្ដាហ៍ខាងមុខនេះ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានគូសបញ្ជាក់ដូច្នេះថា «តបតាមការអញ្ជើញពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា លោកនាយករដ្ឋមន្ត្រី Li Qiang នឹងទៅចូលរួមកិច្ចប្រជុំកំពូល G20 លើកទី១៨ ដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា»។ នៅពេលត្រូវបានសាកសួរបន្ថែមថាតើនេះមានន័យថាលោក ស៊ី ជិនពីងនឹងអវត្តមានមែនទេ? លោកស្រី ម៉ៅ នីង បាននិយាយយ៉ាងខ្លីបន្ថែមថា «លោកនាយករដ្ឋមន្ត្រី Li Qiang នឹងដឹកនាំប្រតិភូមួយក្រុមទៅកាន់ទីក្រុងញូវដេលី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ហើយអ្វីដែលខ្ញុំអាចប្រាប់អ្នកបាន នោះគឺ G20 ជាវេទិកាអន្តរជាតិដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ»។
ការប្រកាសរបស់ក្រសួងការបរទេសចិនកើតមានឡើងក្រោយមានសេចក្ដីរាយការណ៍កាលពីប៉ុន្មានថ្ងៃថ្មីៗនេះថា លោកប្រធានាធិបតីចិន ស៊ី ជិនពីង នឹង មិនទៅចូលរួមកិច្ចប្រជុំ G20 ជាទីដែលមេដឹកនាំពិភពលោកដទៃ ក្នុងនោះរួមមានទាំងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ចូលរួមនោះទេ។
ជុំវិញដំណឹងនៃអវត្តមានរបស់លោក ស៊ី ជិនពីងនេះដែរ លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបាននិយាយថា លោកមានការខកចិត្តចំពោះអវត្តមានរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ។
លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុង Rehoboth Beach នៃរដ្ឋ Delaware។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមានការខកចិត្ត…ប៉ុន្តែខ្ញុំនឹងទៅជួបគាត់ (លោក ស៊ី ជីនពីង)»។ យ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិករូបនេះមិនបានបន្ថែមអ្វីលម្អិតលើសពីនេះនោះទេ៕ ដោយធីរីណា

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print