ភ្នំពេញ ៖ ឈានមកដល់ល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ដោយយុវជនម្នាក់បានជិះម៉ូតូមួយគ្រឿងជ្រុលល្បឿនដួលទៅប៉ះរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ឡិចសុីស KURU 570 ដែលចតចោលនៅមុខមន្ទីរសម្រាកព្យាបាលនិងសម្ភព ឥន្ទ្រទេវី១ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ បច្ចុប្បន្នភាគីទាំងសងខាងបានអង្គុយទល់មុខគ្នា ហើយបានសម្របសម្រួលគ្នាដោយបញ្ចប់បញ្ហា គឺភាគីទាំងសងខាងពុំមានសំណងសងគ្នារៀងៗខ្លួន ក្នុងដំណាក់កាលនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ មុនពេលឃាត់ខ្លួនស្ត្រីជាជនសង្ស័យបង្កហិង្សាដែលជាបទល្មើសព្រហ្មទណ្ឌ ។
តាមការបញ្ជាក់ពីយុវជនដែលជិះម៉ូតូបុករថយន្តស្ត្រីជាម្ចាស់មន្ទីរសម្រាក ព្យាបាលនិងសម្ភពឥន្ទ្រទេវី១ បានប្រាប់ឱ្យដឹងថា រយៈពេល៦ថ្ងៃទើបស្ត្រីជាម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយ ហើយ នីតិវិធីក្នុងការដោះស្រាយ គឺភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយសន្តិវិធី ពុំមានសងសំណងទៅបុគ្គលណាម្នាក់ឡើយគឺចប់រៀងខ្លួន។
នេះបានបង្ហាញថា ការអសមត្ថភាពមួយរបស់មន្ត្រីនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដែលសុំណុំរឿងបានពន្យារឬអូសបន្លាយ មិនព្រមបញ្ជូនសុំណុំរឿងទៅកាន់តុលាការ អូសបន្លាយថ្ងៃនេះ ថ្ងៃនោះ មិនមានការឃាត់ខ្លួនជនសង្ស័យដែលប្រើអំពើហិង្សាដោយចេតនាជាក់ស្តែងដែលជាបទល្មើសព្រហ្មទណ្ឌ ជាប់បណ្តឹងអាជ្ញា៕ ដោយភារ៉ា