សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣បានផ្សាយថា សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានគម្រោងធ្វើទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសរុស្ស៉ីនៅក្នុងខែកញ្ញានេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន និងពិភាក្សាពីលទ្ធភាពនៃការផ្គត់ផ្គង់អាវុធសម្រាប់ទីក្រុងមូស្គូ យកទៅប្រើក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។
បើតាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោកស្រី អាឌ្រីយែន វ៉ាត់សុន (Adrienne Watson)បាននិយាយថា កិច្ចចរចាស្ដីពីការផ្គត់ផ្គង់អាវុធរវាងរុស្ស៉ីនឹងកូរ៉េខាងជើងមានភាពរីកចម្រើនទៅមុខយ៉ាងសកម្ម។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់បន្ថែមដូច្នេះថា «យើងទទួលបានព័ត៌មានថាលោក គីម ជុងអ៊ុន រំពឹងថា កិច្ចពិភាក្សាបែបនេះនឹងបន្តទៅមុខ ក្នុងនោះរួមមានទាំងកិច្ចចរចាការទូតកម្រិតមេដឹកនាំនៅក្នុងប្រទេសរុស្ស៉ី»។
មកទល់ពេលនេះមិនទាន់មានព័ត៌មានលម្អិតបញ្ជាក់ពិកាលបរិច្ឆេទនៃគម្រោងធ្វើទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់រុស្ស៉ីនៅឡើយទេ។ ប៉ុន្តែ កាសែតអាមេរិក New York Times ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិក បានរាយការណ៍ថា លោក គីម ទំនងជានឹងធ្វើដំណើរតាមរថភ្លើងទៅកាន់ទីក្រុងវ្ល៉ាឌីវ៉ូស្ដុក (Vladivostok) នៅក្នុងខែកញ្ញានេះ ដើម្បីជួបលោក ពូទីន នៅទីនោះ។ Vladivostok គឺជាទីក្រុងមួយស្ថិតនៅតំបន់ឆ្នេរប៉ាស៊ីហ្វិក និងស្ថិតនៅមិនឆ្ងាយប៉ុន្មានឡើយពីកូរ៉េខាងជើង។
បន្ថែមពីលើនេះ New York Times ក៏បានឱ្យដឹងដែរថា លោក ពូទីនចង់បានគ្រាប់កាំភ្លើងធំ និងមីស៊ីលប្រឆាំងរថក្រោះពីកូរ៉េខាងជើង ហើយលោក គីម ក៏អាចនឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូផងដែរក៏ថាបាន៕ ដោយធីរីណា
រូបថត: Reuters