ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីទីតាំងរោងចក្រផលិតទឹកកក ដែលបានធ្លាយឧស្ម័នបង្កឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន២៩នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាលពីយប់ថ្ងទី១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ឥឡូវប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ និង រងគ្រោះដោយសារ រោងចក្រនោះ បានប្រមូលផ្តុំគ្នាទៅកាន់ទីតាំងខាងមុខរោងចក្រ ហើយធ្វើការតវ៉ា ស្នើសុំទៅកាន់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបិទរោងចក្រនេះឈប់ឲ្យអាជីវកម្ម ជៀសវាងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋលើកក្រោយទៀត។
តាមសម្ដីប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់រោងចក្រ ដែលបង្កផលប៉ះពាល់កាលពីយប់ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះគឺពួកគាត់មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសុខភាពមនុស្ស ហើយ សត្វចិញ្ជឹម ដំណាំ បន្លែ ព្រៃឈើ ជុំវិញផ្ទះគាត់ គឺត្រូវបានងាប់ ដោយសារតែព្យុះសកម្មនៃការធ្លាយឧស្ម័នអាម៉ូញ៉ាកនៃរោងចក្រផលិតទឹកកនេះ។
តាមការបញ្ជាក់របស់លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថាការចុះមកធ្វើកិច្ចសន្យាអប់រំណែនាំដល់ម្ចាស់ទីតាំង ទី១ ត្រូវពង្រឹងបញ្ហាបច្ចេកទេសឡើងវិញ មិនឲ្យមានជាលើកទី២ឡើយ។ ទី២ក្នុងករណីមានជាលើកទី២ ត្រូវបិទអាជីវកម្មនេះតែម្ដង ត្រូវឱ្យម្ចាស់ទីតាំងរកទីតាំងថ្មីដែលនៅទីតាំងដាច់ត្រយ៉ាលមិនឲ្យមាននៅក្បែរផ្ទះប្រជាពលរដ្ឋ។ ទី៣ ថ្លៃសម្រាកព្យាបាលរបស់ប្រជាពលរដ្ឋដែលរងគ្រោះត្រូវម្ចាស់ទីតាំងរោងចក្រទឹកកកជាអ្នកចេញថ្លៃព្យាបាលទាំងស្រុង។
គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ មនុស្សប្រុសស្រីចំនួន២៩នាក់ ខ្លះដួលសន្លប់ ខ្លះទៀតថប់ដង្ហើម និងហូរទឹកភ្នែក ត្រូវបានរថយន្តសាម៉ុយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីមានការធ្លាយចំហាយ អាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកកមួយកន្លែង ស្ថិតនៅលើផ្លូវជាតិលេខ៥ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្នចំពោះទីតាំងរោងចក្រផលិតទឹកកកនេះត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវផ្អាកអាជីវកម្មបណ្ដោះអាសន្នសិនផងដែរ៕ដោយ ៖ រ៉ារ៉ា