ខេត្តកំពង់ឆ្នាំង៖ នៅវេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ជនសង្ស័យ២នាក់រួមនិងវត្ថុតាងដែលជាឧបករណ៍ឆក់ត្រីត្រូវបានសមត្ថកិច្ចនគបាលជំនាញស្រុកជលគិរីសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកោះថ្កូវឃាត់ខ្លួនបញ្ជូនមកជំនាញផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ។
លោកវរសេនីយ៍ឯក ហ៉ឹម យ៉ុង អធិការនគបាលស្រុកជលគីរីបានអោយដឹងនៅវេលាម៉ោង៥ និង៣៥នាទីថ្ថៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះថា មុខសញ្ញាឆក់ត្រីត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនខាងលើនេះមាន ១ ឈ្មោះ ឆេងសារិទ្ធិ ភេទប្រុសអាយុ ៣៨ឆ្នាំ រស់នៅក្នុងភូមិកថ្កូវ ឃុំកោះថ្កូវ ទី២ឈ្មោះ លាងស៊ីដែន ភេទប្រុស អាយុ៣៥ឆ្នាំមានទីលំនៅភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគិរីខេត្តកំពង់ឆ្នាំង ។
អធិការនគបាលស្រុកជលគិរីបានអោយដឹងទៀតថានៅមុនការឃាត់ជនសង្ស័យឆក់ត្រីទាំង២នាក់ខាងលើនេះសមត្ងកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចបានសហការជាមួយកម្លាំងនគបាលប៉ុស្តិ៍រដ្ឋបាលឃុំកោះថ្កូវបានចុះធ្វើការបង្ក្រាបបាន ខណៈជនសង្ស័យទាំងពីរនាក់កំពុងធ្វើសកម្មភាពនៅចំណុចព្រែកតាកែវ ដែលស្ថិតនៅក្នុងភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។
លោកវរសេនីយ៍ឯក ហ៉ឹម យ៉ុង អធិការនគបាលស្រុកជលគិរីបានបញ្ជាក់អោយដឹងទៀតថា នៅក្នុងការបង្ក្រាបនោះសមត្ថកិច្ចរបស់លោកដកហូតបានក្បាលឆក់មួយគ្រឿង(១៨គ្រាប់) អាគុយ៧០អាំពែមួយគ្រឿង.ទូកបាឡាស្មាច់មួយប្រវែង៥.៩ម៉ែត្រ.ម៉ាស៉ីនសាំង១៨សេះមួយគ្រឿង និងមនុស្ស២នាក់ ដោយឡែកដងឆក់ត្រូវជនសង្ស័យបោះចោល ។
ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើនេះភ្លាមកម្លាំងជំនាញនៃអធិការនគរបាលស្រុកជល់គិរីនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះថ្កូវបានរាយការណ៍ជូនអធិការនគរបាលស្រុកជល់គិរី និងបានរាយការណ៍ជូនលោកឧុត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការសាកសួនិងនិងបានកសាងឯកសារបញ្ជូនបន្តទៅផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទកសាងសំណុំរឿងបញ្ជូបបន្តទាំងមនុស្ស និងវត្ថុតាងទៅខណ្ឌរដ្ឋបាលជលផលខេត្តទៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕ដោយ៖សុរិយា