ភ្នំពេញ÷ បុរសពីរនាក់រងរបួសធ្ងន់និងស្រាលខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូនៅចំណុចមុខក្រសួងពាណិជ្ជកម្ម តាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៩និង៤០នាទីយប់ថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២៣។
តាមការឱ្យដឹងពីអ្នករួមដំណើរខាងភាគីម៉ូតូបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុពួកគាត់បានចេញពីធ្វើការដោយជិះម៉ូតូ២គ្រឿងមានគ្នា៤នាក់តាមបណ្តោយផ្លូវសហព័ន្ធរុស្សុីក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏មានរថយន្ត១គ្រឿងម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BG-6086 បើកបរដោយបុរសជនជាតិចិននិងមានអ្នករួមដំណើរផងដែរក្នុងទិសដៅពីកើតទៅលិចហើយបត់ទៅឆ្វេងក្នុងល្បឿនលឿនធ្វើឱ្យអ្នកបើកបរម៉ូតូចាប់ហ្វ្រ័ងមិនទាន់ក៏បុកពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់និងស្រាលតែម្តង។ ម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីមសេ១២៥ សេ៊រីឆ្នាំ២០១១ ពាក់ស្លាកលេខព្រៃវែង1D-8176 ជិះឌុបគ្នាពីរនាក់រងរបួសធ្ងន់និងស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ខណ្ឌបានចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុក្ខនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំដោះស្រាយនៅពេលក្រោយ ហើយបាននាំខ្លួនបុរសជនជាតិចិនដែលជាអ្នកបើកបរទៅប៉ុស្តិ៍រដ្ឋបាលនគរបាលអូរបែកក្អមដើម្បីកសាងសំណុំរឿងបន្ត។ចំណែកអ្នករងរបួសត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជនពន្លឺមកដឹកយកទៅសង្គ្រោះ៕ ដោយ÷ចន្ទ លីហ្សា