ខ្សែប្រយុទ្ធ Daniel Podence បានចុះកិច្ចសន្យាថ្មីនៅ Wolves ប៉ុន្តែបានចូលរួមជាមួយអតីតក្លិបរបស់គាត់វិញគឺ Olympiakos ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។ Podence វ័យ២៧ឆ្នាំបានលេង១០៥ប្រកួតសម្រាប់ Wolves ចាប់តាំងពីការផ្ទេរក្នុងតម្លៃ១៦.៦លានផោនរបស់គាត់ពីក្លិបក្រិកកាលពីខែមករា ឆ្នាំ២០២០ ប៉ុន្តែមិនបានបង្ហាញខ្លួននៅរដូវកាលនេះទេ។
កុងត្រាថ្មីរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់នេះ ដំណើរការរហូតដល់ឆ្នាំ២០២៥ជាមួយនឹងជម្រើសសម្រាប់ការបន្តរយៈពេលមួយឆ្នាំ។
លោក Matt Hobbs នាយកផ្នែកកីឡារបស់ក្លិប Wolves បាននិយាយថា “វាមិនមែនជារឿងសម្ងាត់ទេដែល Daniel ចង់មើលជម្រើសថ្មី។ នេះគឺជាឱកាសមួយសម្រាប់គាត់ក្នុងការត្រលប់ទៅកន្លែងគាត់វិញ ហើយលេងបាល់ទាត់នៅអឺរ៉ុប ហើយគាត់ពិតជាយល់បានល្អណាស់ដែលថា ដើម្បីឱ្យពួកយើងអនុញ្ញាតបាន គាត់ត្រូវតែចុះហត្ថលេខាលើកិច្ចសន្យា“។
ខ្សែបម្រើស្លាបរូបនេះបានចំណាយពេលពីររដូវកាលជាមួយ Olympiakos ចន្លោះឆ្នាំ២០១៨ និងឆ្នាំ២០២០ និងបានជួយក្លិបឱ្យឈ្នះពានរង្វាន់ Super League ក្នុងឆ្នាំ២០១៩–២០២០។
លោក Hobbs បានបន្ថែមថា “នៅតែមានលទ្ធភាពដែល Daniel ត្រលប់មកលេងឱ្យ Wolves ម្តងទៀត ប៉ុន្តែវាជាពេលវេលាត្រឹមត្រូវក្នុងការអនុញ្ញាតឱ្យគាត់ទៅលេងនៅរដូវកាលនេះ។ គាត់អាចត្រលប់មកវិញបន្ទាប់ពីរដូវកាលនេះ ឬយើងនឹងចរចានៅរដូវក្តៅក្រោយជាមួយកីឡាករដែលមានកុងត្រាយូរជាងនេះ“។
Podence គឺជាកីឡាករទី៩ដែលត្រូវបាន Wolves ខ្ចីជើងនៅរដូវក្តៅនេះ ជាមួយនឹងកីឡាករចំនួន៨នាក់ទៀតត្រូវបានលក់ដើម្បីនាំយកថវិកាដែលត្រូវការច្រើនសម្រាប់គ្រូបង្វឹកថ្មីលោក Gary O’Neil។ បច្ចុប្បន្ន Wolves ឈរនៅលេខរៀងទី១៥ក្នុង Premier League បន្ទាប់ពីទទួលបាន៣ពិន្ទុពីការប្រកួតបើកឆាកចំនួន៤នៅដើមរដូវកាលនេះ ៕ (រូបភាព ៖ BBC Sport)