អាជ្ញាធរជាតិអប្សរាថា អ្នកបើកបរដឹកភ្ញៀវទេសចរខ្លះមិនសូវចូលរួមសហការ ក្រោយពេលដាក់ភ្ញៀវហើយ មិនបានយកយានជំនិះចូលចតនៅក្នុងចំណតឡើយ

ចែករំលែក៖

ខេត្តសៀមរាប÷អាជ្ញាធរជាតិអប្សរាបានលើកឡើងថា ការចតយានជំនិះឱ្យមានរបៀបរៀបរយ ជាការចូលរួមលើកកម្ពស់សោភ័ណភាពនៅក្នុងតំបន់បេតិកភណ្ឌ

ភ្ញៀវទេសចរជាតិ និងអ្នកប្រកបរបរដឹកភ្ញៀវទេសចរ ដែលបានយកយានយន្តរបស់ខ្លួនចូលទៅចតនៅក្នុងទីចំណតដែលបានរៀបចំ និងជួយសម្រួលដល់សណ្តាប់ធ្នាប់សាធារណៈក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេស បញ្ជៀសការកកស្ទះ និងគ្រោះថ្នាក់ដោយយថាហេតុនៅលើដងផ្លូវ។

លោកស្រី ចាន់ ឧត្តមបញ្ញា ប្រធានក្រុមរួមផ្នែកសណ្តាប់ធ្នាប់គ្រប់គ្រងគោលដៅក្រុងអង្គរធំឱ្យដឹងថា ជារៀងរាល់ ថ្ងៃ កិច្ចការងារស្នូលរបស់ក្រុមការងារសណ្តាប់ធ្នាប់តែង តែរៀបចំការចតយានយន្ត រ៉ឺម៉កម៉ូតូឱ្យចូលចតនៅក្នុងចំណត និងរៀបចំការលក់ដូរនៅក្បែរៗនោះជាដើម។ចំពោះមុខ ក្រុមការងារនៅតែប្រឈមបញ្ហាខ្លះៗ ដោយ សារអ្នកបើកបរដឹកភ្ញៀវទេសចរមួយចំនួនមិនសូវចូល រួមសហការ ក្រោយពេលដាក់ភ្ញៀវឱ្យចូលទស្សនាប្រាសាទហើយ ពួកគាត់មិនបានយកយានជំនិះចូលមកចតនៅក្នុងចំណតដែលបានរៀបចំឡើយ។ ដោយអ្នក បើកបរមួយចំនួន បែរជាទៅចតនៅតាមដងផ្លូវសាធារណៈ។

ចំណែកខ្លះទៀត ពេលឃើញភ្ញៀវចេញពីទស្សនាប្រាសាទ មិនបានឱ្យភ្ញៀវដើរមកកាន់ចំណតដើម្បីបន្ត ដំណើរទៅមុខ តែបែរជាបើកយានជំនិះទៅទទួលភ្ញៀវដល់បរិវេណខាងមុខប្រាសាទ ដែលនេះជាហេតុ ធ្វើឱ្យបាត់បង់សោភ័ណភាពតាមដងផ្លូវ អាចបង្កគ្រោះថ្នាក់ដោយយថាហេតុ និងកកស្ទះ ធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវដទៃដែលធ្វើចរាចរណ៍លើដងផ្លូវ។ បើទោះបីជាកន្លង មក ធ្លាប់មានការណែនាំជាច្រើនលើកច្រើនសារក៏ដោយ បញ្ហានេះ នៅតែកើតឡើងស្ទើរតែជារៀងរាល់ថ្ងៃ។

ប្រធានក្រុមរួមផ្នែកសណ្តាប់ធ្នាប់គ្រប់គ្រងគោលដៅក្រុងអង្គរធំ បានបញ្ជាក់ថា គ្រប់ទីតាំងប្រាសាទនីមួយៗក្នុងរមណីយដ្ឋានអង្គរ តែងតែមានចំណតសម្រាប់ភ្ញៀវទេសចរ ឬអ្នកដឹកភ្ញៀវចូលចតនៅទីនោះ ដោយមិនតម្រូវឱ្យបង់ថវិកាឡើយ។ ជាក់ស្តែង បរិវេណក្រុងអង្គរធំ មានទីតាំងចំណតចំនួន៣កន្លែងរួមមាន៖ នៅខាងកើតប្រាសាទបាយ័ន និងខាងលិចនៃប្រាសាទ និងចំណតមួយទៀតនៅក្បែរប្រាសាទព្រះវិធូរ ជាចំណតធំទូលាយ អាចដាក់យានយន្តបានច្រើនជាងគេ។

...

អាជ្ញាធរជាតិអប្សរាអំពាវនាវដល់សាធារណជនទូទៅ សូមចូលរួមតាមអ្វីដែលក្រុមការងារ ឬភ្នាក់ងារប្រចាំការតាមប្រាសាទបានណែនាំឬកំណត់ឱ្យចូលចតយានជំនិះនៅតាមចំណត ជៀសវាងការចតតាមដងផ្លូវដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ៕ ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print