ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូ៊ឌីតបានមកដល់ប្រទេសអុីរ៉ង់នៅថ្ងៃអង្គារ ទី 5 ខែកញ្ញា ឯកអគ្គរដ្ឋទូតអុីរ៉ង់ក៏បានទៅដល់ប្រទេសអារ៉ាប៊ីសាអូ៊ឌីតផងដែរ។ ទាំងនេះជាព្រឹត្តិការណ៍ដែលកត់សម្គាល់ការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញក្រោយរយៈពេល៧ឆ្នាំកាត់ផ្តាច់ទំនាក់ទំនងការទូត។
អុីរ៉ង់ និងអារ៉ាប៊ីសាអូ៊ឌីតបានយល់ព្រមបន្តទំនាក់ទំនងការទូតឡើងវិញ និងបើកស្ថានទូតរបស់ពួកគេឡើងវិញ បន្ទាប់ពីកិច្ចព្រមព្រៀងដែលចិនធ្វើជាអាជ្ញាកណ្តាលកាលពីខែមីនា។
ទីក្រុងរីយ៉ាដ និងតេអេរ៉ង់បានផ្តាច់ទំនាក់ទំនងក្នុងឆ្នាំ 2016 បន្ទាប់ពីបេសកកម្មការទូតរបស់ប្រទេសអារ៉ាប៊ីសាអូ៊ឌីតនៅក្នុងប្រទេសអុីរ៉ង់ត្រូវបានវាយប្រហារក្នុងអំឡុងពេលតវ៉ាប្រឆាំងនឹងការប្រហារជីវិតរបស់បព្វជិតនិកាយស៊ីអុីតរបស់ទីក្រុងរីយ៉ាដ លោក Nimr al-Nimr ។
កាលពីថ្ងៃអង្គារផងដែរ ឯកអគ្គរដ្ឋទូតអុីរ៉ង់ប្រចាំប្រទេសអារ៉ាប៊ីសាអូ៊ឌីត Alireza Enayati បានមកដល់រដ្ឋធានី Riyadh ជាកន្លែងដែលគាត់ត្រូវបានទទួលដោយមន្ត្រីក្រសួងការបរទេស និងបុគ្គលិកស្ថានទូត។
លោក Alanazi ធ្លាប់ជាឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូ៊ឌីតប្រចាំប្រទេសអូម៉ង់ ហើយពីមុនលោក Enyati គឺជាបេសកជនពិសេសរបស់អុីរ៉ង់ប្រចាំប្រទេសគុយវ៉ែត។ ស្ថានទូតអារ៉ាប៊ីសាអូ៊ឌីតប្រចាំទីក្រុងតេអេរ៉ង់បានដំណើរការឡើងវិញកាលពីខែមុន។ កាលពីខែមិថុនា អុីរ៉ង់បានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅទីក្រុងរីយ៉ាដ។
កាលពីខែមុន អ្នកការទូតកំពូលរបស់ប្រទេសអុីរ៉ង់ លោក Hossein Amir-Abdollahian បាននិយាយអំពីការរួបរួម និងការសន្ទនាក្នុងអំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់អារ៉ាប៊ីសាអូ៊ឌីត ចាប់តាំងពីទំនាក់ទំនងរវាងប្រទេសទាំងពីរបានតភ្ជាប់ឡើងវិញដោយនិយាយថា ទំនាក់ទំនងទ្វេភាគីកំពុង “រីកចម្រើនក្នុងទិសដៅត្រឹមត្រូវ”។
ចាប់តាំងពីកិច្ចព្រមព្រៀងខែមីនាមក អារ៉ាប៊ីសាអូ៊ឌីតបានស្តារទំនាក់ទំនងជាមួយស៊ីរី ដែលជាសម្ព័ន្ធមិត្តរបស់អុីរ៉ង់ និងបានបង្កើនការជំរុញរបស់ខ្លួនសម្រាប់សន្តិភាពនៅក្នុងប្រទេសយេម៉ែន៕ ដោយធីរីណា
រូបថត: AFP