ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអន្តរាគមន៍ពិសេស បន្តអនុវត្តតួនាទី ភារកិច្ចល្បាតតាមគោលដៅ ត្រៀមអន្តរាគមន៍បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ក៏ដូចជាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង ។ ជាក់ស្ដែងនាវេលាម៉ោង ១រំលងអាធ្រាតឈានចូលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ មានក្មេងទំនើងពីរក្រុមដេញវាយគ្នាផ្អើលពេញក្នុងបរិវេណបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្លាមៗកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ក៏បានធ្វេីការឃាត់ខ្លួនបានប្រមាណជិត១០នាក់ភ្លាមៗ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា ដំបូងមានយុវជនមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងចេញពីម្តុំមន្ទីពេទ្យលោកសង្ឃឆ្ពុះទៅអង់តែនទួលគោក ខណះពេលជិះមកដល់ស្រាប់តែមានយុវជនមួយក្រុមទៀតជាក្រុមមានគ្នា៧ទៅ៨នាក់ជិះម៉ូតូជាច្រើនគ្រឿងបានជិះមកក្បែរួចក៏យកជើងធាក់ម៉ូតូទៅលេីក្រុមយុវជនមានគ្នា៤នាក់ខាងលេី (ដោយមិនដឹងថា យុវជនពីរក្រុមនេះមានជម្លោះអ្វីនិងគ្នានោះទេ) ភ្លាមនោះដែរក៏កើតជាជម្លោះដេញវាយគ្នាពេញផ្លូវរហូតទៅដល់ក្នុងបរិវេណក្នុងបឹងកក់ក្បែផ្លូវរថភ្លើងបណ្តាលឲ្យភាគីទាំងសងខាងខ្លះមានដុំថ្ម ខ្លះទៀតមានទាំងខ្សែរក្រវ៉ាត់បានវាយប្រតាយប្រតប់និងគុបគ្នាផ្អើលពេញក្នុងបរិវេនបឹងកក់ ។ ស្របពេលនោះក៏មានកម្លាំងល្បាតរបស់សមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ បានធ្វេីការឃាត់ខ្លួនក្មេងទំនើងទាំង២ក្រុមនោះរួមទាំងវត្ថុតាងភ្លាមៗផងដែរ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនក្មេងទំនើងទាំងពីរក្រុមនោះនឹងវត្ថុតាង ព្រមទាំងម៉ូតូជាច្រើនគ្រឿងយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសួរនាំបន្តចាត់ការតាមនីតិវិធី ៕ដោយ ៖ ភារ៉ា ដង្កោ