ខេត្តកណ្ដាល: បុរសម្នាក់ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួនករណីហិង្សាដោយចេតនា បន្ទាប់ពីបុរសសង្ស័យរូបនេះយកដំបងវាយក្បាលនារីម្នាក់បណ្ដាលឱ្យរងរបួសយ៉ាងដំណំ ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៩និង៣០នាទី នៅចំណុចបន្ទប់ជួលក្នុងភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សុក ស្រីម៉ុច ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររត់តាក់ស៊ី។ ចំណែក ជនសង្ស័យឈ្មោះ ភឿន ផេន ភេទប្រុស អាយុ៤៦ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖-ដំបងពិលឆក់ធ្វើអំពីដែកពណ៌ខ្មៅប្រវែង៤២cmចំនួន០១ដើម។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សុក ស្រីម៉ុច ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បានត្រឡប់មកពីហូបអាហារវិញ មកដល់បន្ទប់ជួលក៏ជួបម្ចាស់ផ្ទះជួល រួចម្ចាស់ផ្ទះជួលក៏សួរទៅជនរងគ្រោះថា យប់មិញម្តេចក៏ឡូឡម្ល៉េះ ពេលនោះជនរងគ្រោះក៏ឆ្លើយប្រាប់ទៅម្ចាស់ផ្ទះវិញថា យប់មិញមានបងប្អូនមកលេង ហើយក៏ដើរទៅបន្ទប់ជួលជាន់លើដោយដើរបណ្តើរនិយាយទូរស័ព្ទបណ្តើរកាត់មុខបន្ទប់ជួលជនសង្ស័យឈ្មោះ ភឿន ផេន ភេទប្រុស អាយុ៤៦ឆ្នាំ រួចក៏ដើរចូលទៅក្នុងបន្ទប់ខ្លួននិងទាត់សំបកដបទឹកសុទ្ធផង។ ឮដូច្នេះជនសង្ស័យក៏បានស្រែកប្រាប់ទៅម្ចាស់ផ្ទះជួលថា ពូម្ចាស់ផ្ទះវាឡូឡាទៀតហើយ។ភ្លាមនោះជនរងគ្រោះក៏ចេញពីក្នុងបន្ទប់មកមើលឃើញជនសង្ស័យឈរនៅមុខបន្ទប់របស់ខ្លួនដោយដែមានកាន់ដំបងដែកពណ៌ខ្មៅ រួចពូម្ចាស់ផ្ទះក៏បានឡើងមកបន្ទប់ជួលខាងលើ ស្រាប់តែជនសង្ស័យស្រែកជេរជនរងគ្រោះថា
ង៉ែង និងយកដំបងដែកចង្អុល។ដោយខឹងពេកជនរងគ្រោះក៏បានយកកញ្ចប់បារីគប់ទៅលើជនសង្ស័យត្រូវចំស្មាខាងឆ្វេង ធ្វើអោយជនសង្ស័យខឹងក៏យកដំបងដែកដែលកាន់នៅនឹងដៃវាយជនរងគ្រោះត្រូវចំក្បាលបណ្តាលអោយបែកហូរឈាមតែម្តង។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានរៀបរាប់ប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានយកពិលឆក់ធ្វើអំពីដែកពណ៌ខ្មៅវាយជនរងបណ្តាលអោយបែកក្បាលចេញឈាមប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕ ដោយ៖ស្អាងជ័យ