យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឡើងជិះរថភ្លើងដើម្បីចាកចេញពីទីក្រុងព្យុងយ៉ាងកាលពីចុងសប្តាហ៍ ដើម្បីទៅកាន់ប្រទេសរុស្ស៊ី តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។ លោក Michael Madden អ្នកជំនាញកូរ៉េខាងជើងនៅមជ្ឈមណ្ឌលស្រាវជ្រាវ Stimson បានព្យាករថា “កូរ៉េខាងជើងនិងរុស្ស៊ីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់អាវុធប្រភេទមួយចំនួន” ក្នុងអំឡុងពេលទស្សនកិច្ចនេះ។
យោងតាម KCNA លោក គីម ជុងអ៊ុន បានចាកចេញពីរដ្ឋធានីព្យុងយ៉ាងដើម្បីទៅកាន់ប្រទេសរុស្ស៊ី តាមរថភ្លើងពាសដែកកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា។ រូបថតដែលចេញផ្សាយដោយ KCNA បានបង្ហាញថា លោក គីម អមដោយមន្ត្រីឧស្សាហកម្មអាវុធកំពូល មន្ត្រីជាន់ខ្ពស់គណបក្ស ក៏ដូចជាសមាជិករដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធ។ ប្រធានការិយាល័យឧស្សាហកម្មគ្រាប់រំសេវ លោក Jo Chun-ryong ក៏មានវត្តមាននៅក្នុងដំណើរនេះផងដែរ។
យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ការធ្វើដំណើររបស់លោក គីម ទៅកាន់ប្រទេសរុស្ស៊ី និងជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន នឹងក្លាយជាដំណើរទស្សនកិច្ចដ៏ទូលំទូលាយមួយ។ លោក Peskov បានបញ្ជាក់ថា៖ «យើងនឹងបន្តពង្រឹងមិត្តភាពរបស់យើង»។
ជំនួបកំពូលរវាងលោក គីម ជុងអ៊ុន នឹងលោក ពូទីន ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅទីក្រុង Vladivostok ភាគខាងកើតឆ្ងាយរបស់រុស្ស៊ី ដែលមានចម្ងាយ១៣០ គីឡូម៉ែត្រពីព្រំដែនជាមួយកូរ៉េខាងជើង។
អ្នកវិភាគប៉ាន់ស្មានថា សមាសភាពគណៈប្រតិភូនេះបានលើកឡើងថា ដំណើរទស្សនកិច្ចនេះនឹងផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ និងបញ្ហាសន្តិសុខ។
យោងតាមលោក Michael Madden អ្នកជំនាញកូរ៉េខាងជើងនៅមជ្ឈមណ្ឌល Stimson ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន វត្តមានរបស់លោក Jo Chun-ryong បង្ហាញថា “កូរ៉េខាងជើងនិងរុស្ស៊ីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រភេទអាវុធ”។
នេះជាដំណើរទៅបរទេសលើកដំបូងរបស់លោកគីម តាំងពីជំងឺកូវីដ-១៩ផ្ទុះឡើង។ ប្រទេសកូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួនអស់រយៈពេល 3 ឆ្នាំមកហើយ ហើយទើបតែថ្មីៗនេះបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ។
មន្ត្រីសហរដ្ឋអាមេរិកដែលជាអ្នកដំបូងគេដែលប្រកាសពីដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ីបាននិយាយថា ការពិភាក្សារវាងមេដឹកនាំទាំងពីរទំនងជានឹងរួមបញ្ចូលកិច្ចព្រមព្រៀងផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី ដើម្បីបម្រើសង្រ្គាមនៅអ៊ុយក្រែន។
ទាំងក្រុងមូស្គូនិងក្រុងព្យុងយ៉ាងបានបដិសេធការចោទប្រកាន់របស់អាមេរិកពីមុនថា ពួកគេបានធ្វើកិច្ចព្រមព្រៀងសព្វាវុធ ប៉ុន្តែប្រទេសទាំងពីរបានសន្យាពង្រឹងទំនាក់ទំនងការពារជាតិ៕ ដោយធីរីណា
រូបថត: VNF