ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិង លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី១១ កញ្ញា ២០២៣នេះ នាវេលាម៉ោង ១០:០០យប់ ត្រូវនឹងម៉ោង០៥:០០ល្ងាចនៅទីក្រុងប៉ារីសប្រទេសបារាំងបានចូលរួមនៅក្នុងកិច្ចប្រជុំ តាមប្រព័ន្ធZOOM ជាមួយ សមាជិកសហគមអន្តរជាតិអភិ បាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ដឹកនាំដោយ លោកស្រី អាន អ៊ុីដាល់ហ្គោ (Anne HIDAL GO) ជាប្រធានសមាគម ។
ក្នុងកិច្ចប្រជុំនេះ បានផ្តោតសំខាន់ចំនួន២ ចំណុច ដើម្បីជាប្រយោជន៍សម្រាប់ សមា ជិកសហគម ទីក្រុងប្រើប្រាស់ភាសា បារាំង (AIMF) ក្នុងនោះទី១ បាន
ពិភា ក្សាលើការផ្តល់ជំនួយទៅប្រទេសម៉ារ៉ុក ស្ថិតនៅក្បែរទីក្រុង អ៊ូកៃមេឌិន (Oukaimeden) នៃតំបន់ ភ្នំអាត្លាស់ (Atlas) ក្នុងចម្ងាយ៧៥គីឡូម៉ែត្រពីទីក្រុងទីក្រុងម៉ារ៉ុក ដែលបានរងគ្រោះដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ ដោយសម្លាប់មនុស្សអស់ជាង ២០០០នាក់ ។ សន្តិបាតនេះ ប្រធានសហគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បានសម្រេចផ្តល់ជំនួយទៅប្រទេសម៉ារ៉ុកនេះចំនួន ៥០ម៉ឺនអឺរ៉ូ ជាមួយនិងការកៀងគរទៅប្រទេសដែលជាសមាជិកសហគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) អោយជួយជ្រោមជ្រែងបន្ថែមទៀត និងទី២ ពិភាក្សា ដើម្បីជ្រើសរើសរកទីតាំងប្រទេស ដើម្បីរៀបចំអង្គសន្តិបាត សហគមអន្តរជាតិអភិ បាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បន្តទៀត។
សូមបញ្ជាថា៖ សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៩ ក្រោមគំនិតផ្តួចផ្តើម របស់លោក ហ្សាក់ ហ្សីរ៉ាក (Jacques CHIRAC) អតីតប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ដែលកាលនោះ លោកជាអភិបាលក្រុងប៉ារីស (Paris) ប្រទេសបារាំង និង លោក ហ្សង់ ប៉េលឺធៀ (Jean – PELLETIER) អតីតអភិបាលក្រុងកេបក (Québec) ប្រទេសកាណាដា។សមាគមនេះមានសមាជិកចំនួន ៣០៧ មកពី ៥២ ប្រទេស (ស្មើនឹងប្រជាជនសរុបប្រមាណ ១៣០ លាននាក់) ប្រធានសមាគមបច្ចុប្បន្ននេះ គឺលោកស្រី អាន អ៊ុីដាល់ហ្គោ (Anne HIDALGO) និងជាអភិបាលទីក្រុងប៉ារីសនិង លោក ព្យែរ ប៊យ៉ (Pierre BAILLET) ជាលេខាធិការអចិន្ត្រៃយ៍។
នៅក្នុងខែឧសភា ឆ្នាំ២០២៣ថ្មីៗ កន្លងមកនេះ គណៈប្រតិភូ AIMF ខណៈមកបំពេញ ទស្សនកិច្ចនៅរាជធានីភ្នំពេញ បានសម្ពោធសមិទ្ធផលនៃគម្រោងនានា ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគម អន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលក្នុងនោះ មានស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៃគម្រោងដែលជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ, សមាគម AIMF, រដ្ឋបាលរដ្ឋធានីប៉ារីស និងសហភាពអឺរ៉ុប ដែលមានទីតាំងនៅតាមប្រឡាយស្ទឹងមានជ័យ ខណ្ឌមានជ័យ។ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីស្នាក់ការនៅ សាលារាជធានីភ្នំពេញ៕ដោយ៖ សំរិត