ក្រុមមន្ត្រីសហជីពរំពឹងថា វិស័យវាយនភណ្ឌកាត់ដេរ នឹងមានការរីកច្រើនបន្ថែមទៀត នៅក្រោមដំបូលសន្ដិភាព ក្នុងអាណត្តិដឹកនាំរបស់សម្ដេចធិបតី

ចែករំលែក៖

ភ្នំពេញ ៖ រោងចក្រ សហគ្រាសនៅកម្ពុជា កាលពីអំឡុងឆ្នាំ១៩៩៧ គឺមានតែ ៦៤រោងចក្រ និងផ្ដល់ការងារដល់កម្មករ កម្មការិនី ប្រមាណតែ៨ម៉ឺននាក់ជាមួយនិងប្រាក់ ខែ ៤០ដុល្លារតែប៉ុណ្ណោះ។ ប៉ុន្ដែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្រ្ដី ជាអ្នកដឹក នាំ វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានការរីកចម្រើនជាបន្តបន្ទាប់។ ជាក់ស្ដែងបច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រ សហគ្រាស ១ម៉ឺន៧ពាន់ទូទាំងប្រទេស ហើយក្នុងនោះវិស័យកាត់ដេរមាន ១៣៣២ រោងចក្រ សហគ្រាស ហើយមានកម្មករ កម្មការិនី ១ លាន៥សែននាក់ ដោយមានប្រាក់បៀវត្សរ៍គោល ២០០ដុល្លារ ដោយមិនទាន់បូកអត្ថប្រយោជន៍ផ្សេងៗ។

ចំពោះវឌ្ឍនភាពរបស់វិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបនេះ គឺកើតឡើងបានដោយសារតែកត្តាសន្ដិភាព ពីព្រោះបើគ្មានសន្ដិភាពទេ វិស័យដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏ធំមួយនេះក៏មិនអាចរីកលូតលាស់បានល្អនោះដែរ។ នេះបើតាមលោក ជួន មុំថុល ប្រធានកិត្តិយស សហភាពសហព័ន្ធសហជីពជាតិកម្ពុជា ដែលបានថ្លែងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោកបន្តថា ក្រៅពីកត្តាសន្ដិភាព កត្តាច្បាប់សហជីព និងការបង្កើនជំនាញរបស់កម្មករ កម្មការិនី ក៏ជាកត្តាសំខាន់ក្នុងការរួមចំណែកដល់ដំណើរវិវឌ្ឍន៍ នៃវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបនេះដែរ។ សម្រាប់សហជីពតំណាងកម្មកររូបនេះ បានដាក់ក្ដីរំពឹងថា ក្រោមដំបូល នៃសុខសន្ដិភាព ក្នុងអាណត្តិដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត វិស័យកាត់ដេរនេះ នឹងកាន់តែមានភាពរីកចម្រើនលូតលាស់ល្អទៅមុខថែមទៀត ពីព្រោះសម្ដេចធិបតីបានកែទម្រង់ច្រើនក្នុងរាជរដ្ឋាភិបាល។

សហជីពរូបនេះ ជំរុញឲ្យបងប្អូនកម្មករ កម្មការិនី ខិតខំបំពេញការងារឲ្យបានល្អ ដើម្បីធ្វើឲ្យរោងចក្ររបស់ខ្លួនមានដំណើរការកាន់តែប្រសើរ។ ទន្ទឹមនិងនេះលោកលើកទឹកចិត្តឲ្យកម្មករ កម្មការិនី ចូលរៀនជំនាញបន្ថែម ដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារបានរៀបចំ ផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃហើយ និងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត។ លោកថា កម្មករ កម្មការិនី ដែលមានបំណងចង់ចាប់យកជំនាញបន្ថែមអាចទាក់ទងទៅកាន់ក្រសួងការងារ ដើម្បីទទួលព័ត៌មានបន្ថែមទៀត។

...

បច្ចុប្បន្ននេះកម្មករ កម្មការិនី ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺទទួលបានប្រាក់បៀវត្សរ៍ ចំនួន ២០០ដុល្លារក្នុងមួយខែ ហើយប្រសិនបើបូកនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលចន្លោះពី ២១៧ ទៅ២២៨ដុល្លារអាម៉េរិកក្នុង១ខែ។ តែយ៉ាងណាតួលេខនេះពិតជាមិន ទាន់គ្រប់គ្រាន់សម្រាប់ធ្វើឲ្យជីវភាពកម្មករ កម្មការិនី ប្រសើរឡើងនៅឡើយ ទើបរាជរដ្ឋាភិបាលរៀបចំឲ្យមាន ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី រវាងភាគីនិយោជក ដែលជាថៅកែ និងភាគីសហជីពតំណាងកម្ម និងរាជរដ្ឋាភិបាល ដែលតែងតែបើកកិច្ចប្រជុំដើម្បីចរចាដំឡើងប្រាក់ឈ្នួលជូនកម្មកររៀងរាល់ឆ្នាំ។ ជាក់ស្ដែង ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ចរចាប្រាក់ ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិត នៅក្នុងឆ្នាំ២០២៤។ តាមគម្រោងលទ្ធផលផ្លូវការ នៃការកំណត់ប្រាក់ឈ្នួលសម្រាប់កម្មករ កម្មការិនី នឹងត្រូវប្រកាសនៅមុនពិធីបុណ្យភ្ជុំបិណ្ឌ៕ដោយ៖ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print