នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អនុញ្ញាតឲ្យទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលនៃស្ថានទូតចិនប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម

ចែករំលែក៖

ភ្នំពេញ : នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ លោក LI XIANG MING ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលនៃស្ថានទូតចិនប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងថ្នាក់នាំមួយចំនួនផងដែរ។

ជាកិច្ចចាប់ផ្ដើម លោក LI XIANG MING បានសម្ដែងនូវការអបអរសាទរចំពោះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដែលត្រូវបានរាជរដ្ឋាភិបាលផ្ដល់សេចក្ដីទុកចិត្ត តែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយបានថ្លែងអំណរគុណរាល់ការគាំទ្រនានាកន្លងមកជាមួយក្រុមការងារពាក់ព័ន្ធរបស់ភាគីចិន និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងនៅតែបន្តរឹងមាំ។ ក្នុងន័យនេះ លោកក៏បានបង្ហាញនូវជំហរយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃកម្ពុជាតទៅមុខទៀត។

ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានលើកឡើងថា កន្លងមក ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កិច្ចសហប្រតិបត្តិការទ្វេភាគីមានភាពរឹងមាំ និងទទួលបានភាពជោគជ័យ ប្រកបដោយផ្លែផ្កា។

លោកក៏បានជម្រាបជូនលោក LI XIANG MING និងសហការីផងដែរថា រាជរដ្ឋាភិបាលសម្រេចឲ្យមានការបង្កើតអគ្គនាយកដ្ឋានចំនួនពីរ គឺអគ្គនាយកដ្ឋានធនធានមនុស្ស និងអគ្គនាយដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ចំពោះកិច្ចការងារឌីជីថលមានសារៈសំខាន់ ហើយអគ្គនាយដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំដែលទើបតែត្រូវបង្កើតឡើងនឹងត្រូវការជំនួយលើកិច្ចការងារបណ្ដុះបណ្ដាលមន្ត្រីជំនាញ ក៏ដូចជាលើសម្ភារៈផងដែរ។ ក្នុងន័យនេះ នាយឧត្តមសេនីយ៍ ក៏បានស្នើសុំនូវកិច្ចសហប្រតិបត្តិការបន្ថែមលើកិច្ចការងារនេះរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិនផងដែរ។

ជាការឆ្លើយតប លោក LI XIANG MING ក៏បានយល់ស្របអំពីសារៈសំខាន់នៃការងារឌីជីថល ជាពិសេសតួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋានឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយលោកបានបន្តថា ក្រុមការងារពាក់ព័ន្ធនឹងបន្តកិច្ចខិតខំប្រឹងប្រឹងក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរ និងការងារបណ្ដុះបណ្ដាលដែលបានលើកឡើងឲ្យអស់ពីសមត្ថភាព។

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណចំពោះការឆ្លើយតបជាវិជ្ជមានពីតំណាងភាគីចិន និងចំពោះទំនាក់ទំនងល្អរវាងក្រសួងសន្តិសុខសាធារណៈចិន និងក្រសួងមហាផ្ទៃកម្ពុជា ក៏ដូចជាការយល់ចិត្តគ្នារវាងថ្នាក់ដឹកនាំគ្រប់កម្រិត រួមទាំងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print