ខ្ចីម៉ូតូគេទៅយកប្អូនបែរជាយកទៅបាត់ឈឹង ទីបំផុតនគរបាលចាប់ខ្លួនបានករណីរំលោភលើទំនុកចិត្ត

ចែករំលែក៖

ខេត្តកណ្ដាល: ជនសង្ស័យម្នាក់ប្រើល្បិចខ្ចីម៉ូតូមិត្តភក្តិរបស់ខ្លួនថាទៅយកប្អូននៅរាជធានីភ្នំពេញ តែអស់រយៈពេលជាច្រើនថ្ងៃមិនឃើញយកម៉ូតូមកអោយម្ចាស់វិញ ត្រូវបានជនរងគ្រោះជាម្ចាស់ម៉ូតូប្តឹងនគរបាលឱ្យចាប់ខ្លួនករណីរំលោភលើទំនុកចិត្ត ។ ករណីឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣​ វេលាម៉ោង២៣និង០០នាទី​ ដែលករណីនេះបានកើតឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ​ នៅចំណុចភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានអោយដឹងថា ជនរងគ្រោះឈ្មោះ តុង លីន  ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ​ មុខរបរកសិករ នៅភូមិកន្លែងគល់  សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះរិទ្ធ ឧត្តម(ហៅដំ) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្យាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ផលប៉ះពាល៖ បាត់ម៉ូតូ០១គ្រឿង ម៉ាក Beat(ប៊ីត) សេ៊រីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JF-3876។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៦និង២០នាទី ជនរងគ្រោះបានជិះម៉ូតូ​របស់ខ្លួន​ទៅឌុបជនសង្ស័យ​ទៅផឹកប៊ីយែរនៅផ្ទះឈ្មោះ លក្ខ័ រុន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។​  លុះផឹកស្រវឹងហេីយយប់ជ្រៅផង​ ជនរងគ្រោះនិងជនសង្ស័យ​បានដេកនៅផ្ទះឈ្មោះ​ ល័ក្ខ​ រុន​ ។ លុះដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ​ ជនរងគ្រោះ​បានងើបពីដេកបម្រុងទៅផ្ទះ តែជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះដោយប្រាប់ថា ទៅយកប្អូននៅចោមចៅសិន ។​ ពេលនោះជនរងគ្រោះ​បានឱ្យម៉ូតូទៅជនសង្ស័យខ្ចី​ និង​ទូរស័ព្ទ០១គ្រឿង លុយ០២មុឺនរៀលដេីម្បីជិះទៅយកប្អូននៅចោមចៅ ហេីយជនសង្ស័យក៏ជិះម៉ូតូចេញទៅបាត់មិនត្រឡប់មកវិញ​ឡើយ គឺបាត់ដំណឹងឈឹង។
លុះដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ទេីបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់​ ។ រហូតដល់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៣​ វេលាម៉ោង២៣និង០០នាទី​ ជនរងគ្រោះបាននាំខ្លួនជនសង្ស័យយកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ម្កាក់​ ហើយនគរបាលប៉ុស្តិ៍ម្កាក់ក៏បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល។ ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី៕ ដោយ៖ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print