មន្ត្រីជំនាញបិទផ្សាយជាសាធារណៈនូវឯកសារ​នៃការវិនិច្ឆ័យ​លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​នៅភូមិចំនួន២ក្នុងស្រុកស្វាយចេក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ មន្ត្រីជំនាញបានបិទផ្សាយជាសាធារណៈនូវឯកសារ​នៃការវិនិច្ឆ័យ​លើការចុះបញ្ជីធ្លីមានលក្ខណៈជាប្រព័ន្ធ​នៅភូមិទ័ពសៀម​ និងភូមិស្លក្រាម​ ឃុំស្លក្រាម​ ស្រុកស្វាយចេក​នៅព្រឹកថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ​២០២៣​ ។

លោក​ ប្រាក់​ ប៉ូលី​ អភិបាលរងខេត្ត​ តំណាងលោក អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារ​នៃការវិនិច្ឆ័យ​លើការចុះបញ្ជីធ្លីមានលក្ខណៈជាប្រព័ន្ធ​ នៅភូមិទ័ពសៀម​ និងភូមិស្លក្រាម​ ប្រារព្ធ​ធ្វើ​ឡើង​នៅវត្ត​សុវណ្ណារាម ក្នុងភូមិទ័ពសៀម​ ឃុំស្លក្រាម​ ស្រុកស្វាយចេក​ ។

ពិធីនេះក៏មានការចូលរួមពីលោក​អាង​ ណារិទ្ធ​ ប្រធានមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយា​ដីខេត្ត​ លោក​ ប៊ុន​ ស៊ីវ​ អភិបាលរងស្រុកស្វាយ​ចេក​ អ្នកពាក់ព័ន្ធ​ អាជ្ញាធរ​មូលដ្ឋាន​និង ប្រជាពលរដ្ឋបានចូលរួមផងដែរ។

លោក​ អាង​ ណារិទ្ធ​ ប្រធានមន្ទីររៀបចំដែនដី​នគរូបនីយកម្ម​ សំណង់​ និងសុរិយា​ដី​ បានបញ្ជាក់ថា​៖ ការចុះបញ្ជី​ដីធ្លីមាន២ប្រភេទ​ ១-ចុះបញ្ជី​ដាច់ដោយដុំ​ ដោយម្ចាស់ក្បាលដី​ត្រូវធ្វើសំណើស្នើសុំពីមន្ទីរ​ដើម្បីធ្វើការវាស់​វែង ធ្វើប្លង់កម្មសិទ្ធិ។ ២-ចុះបញ្ជី​លក្ខណៈ​ជាប្រព័ន្ធ​។
លោកបន្តថា​ មុនឈានដល់ការចេញប្លង់កម្មសិទ្ធិស្របច្បាប់បាន​ ត្រូវឆ្លងកាត់៥ដំណាក់កាល។ ក្នុងអាណត្តិថ្មី​ ក្រោមការដឹកនាំដោយ​លោក សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ ដាក់ចេញផែន​ការធ្វើយ៉ាងណាការចុះបញ្ជីដីធ្លី​ឱ្យបានចប់ត្រឹមឆ្នាំ២០២៧​។

...

លោក​ ប្រាក់​ ប៉ូលី​ អភិបាលរងខេត្ត​ បានលើកឡើងថា៖​ កន្លងមក ខេត្តបន្ទាយមានជ័យជាខេត្តមួយដែលមានបញ្ហាវិវាទដីធ្លីជាច្រើនកើតមានឡើង។ បញ្ហាវិវាទទាំងនេះកើតឡើងដោយសារតែដីធ្លីទាំងអស់នេះមិនទាន់បានចុះបញ្ជី (មិនមានប័ណ្ណកម្មសិទ្ធិ) នៅឡើយ ។ ដោយឡែកបច្ចុប្បន្នបញ្ហាវិវាទដីធ្លី​ គឺមានការថយចុះជាច្រើន ពោលគឺដោយសារតែមានការចុះបញ្ជីដីធ្លីជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដូច្នេះការចុះបញ្ជីដីធ្លី គឺពិតជាមានសារៈសំខាន់ណាស់ដែលអាចកាត់បន្ថយនូវបញ្ហាទំនាស់ អាចធានាបាននូវសុវត្ថិភាពពីការ ក្លែងបន្លំពីសំណាក់ជនខិលខូចមួយចំនួន។ មិនតែប៉ុណ្ណោះ ក្រោយពីធ្វើការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ឋិនេះហើយ ម្ចាស់កម្មសិទ្ឋិអាចយកទៅប្រើប្រាស់ ឬដាក់បញ្ចាំនៅតាមធនាគារ និងតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាបានតាមសេចក្តីត្រូវការ។
លោក​ ប្រា​ក់​ ប៉ូលី​ ក៏បានបញ្ជាក់ថា៖​ ក្នុងពេលបិទផ្សាយរយៈពេល១៥ថ្ងៃ​ (ចាប់ថ្ងៃទី១៣​ ដល់​ ២៧​ ខែកញ្ញា​ ឆ្នាំ​២០២៣)​ សូមបងប្អូនពលរដ្ឋមកពិនិត្យ​ ផ្ទៀងផ្ទាត់​ទិន្នន័យក្បាលដី​ ឈ្មោះ​ម្ចាស់ដី​ បើមានការខុសឈ្មោះ​ត្រូវដាក់ពាក្យកែតម្រូវ​ ជាមួយមន្ត្រីសុរិយោដី​ ដើម្បីធ្វើការកែតម្រូវជូន។
សូមបញ្ជាក់ថា​៖ ការបិទផ្សាយទិន្នន័យក្បាលដីនៅភូមិទ័ពសៀម​ និងភូមិស្លក្រាម​ ឃុំស្លក្រាម​ ស្រុកស្វាយចេក​ មានសរុបចំនួន​៤,០៣៥ក្បាលដី​ ក្នុងនោះភូមិស្ល
ក្រាមចំនួន១៣០៤ក្បាលដី​ និងភូមិទ័ពសៀមចំនួន២៧៣១ក្បាលដី៕ ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print