ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ២នាក់ ។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១៣ ខែកញ្ញានេះ បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១០នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៦លើក មាន កត្តាល្បឿន ២លើក មិនគោរពសិទ្ធ ២លើក មិនប្រកាន់ស្តាំ ១លើក និងស្រវឹង ១លើក។
គួរជម្រាបជូនថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា កាលពីម្សិលមិញនេះ បានកើតឡើងចំនួន ០៨លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៣នាក់ របួសចំនួន ២៣នាក់ (របួសធ្ងន់ចំនួន ១១នាក់)។ រយៈពេល ១៣ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៣២លើក បណ្ដាលឱ្យមនុស្សស្លាប់ ៥៣នាក់ របួស ២៤៥នាក់ (របួសធ្ងន់ ១១៩នាក់)។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរដេីម្បីការពារជីវិតរបស់លោកអ្នកនិងក្រុមគ្រួសារ៕ដោយ៖សហការី