ខេត្តបន្ទាយមានជ័យៈ រដ្ឋបាលខេត្ត លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំគណៈប្រតិភូរអមដំណើរ ចំនួន៦៣នាក់ ចូលរួមក្នុងកិច្ចប្រជុំ ពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង កម្ពុជា-ថៃ រវាងខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ នាព្រឹក ថ្ងៃទី១២ ខែកញ្ញ ឆ្នាំ២០២៣ម្សិលមិញ ។ កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំ Grand Ballroom អគារចៅប្រាយ៉ា បូឌិនដេឆា (សិង្ហ សិង្ហាសេនីយ៍) មន្ទីរពេទ្យអារញ្ញ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។ ក្រោមអធិបតីភាព ឯកឧត្តម បរិនញ៉ា ពោធីសាធ អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ និង លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត ភាគីកម្ពុជា ។
ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានសម្តែងនូវមោទនភាព និងបង្ហាញពីគោលបំណងដូចគ្នានៃការរក្សាទំនាក់ទំនង ជាខេត្តជិតខាងល្អចំពោះគ្នាទៅវិញទៅមក ព្រមទាំងត្រៀមខ្លួនជាស្រេចក្នុងការអភិវឌ្ឍនិងថែរក្សាព្រំដែនឲ្យមាន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពបន្ថែមទៀត។
មានមតិស្វាគមន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម បរិនញ៉ា ពោធីសាធ អភិបាលខេត្តស្រះកែវ មានប្រសាសន៍ថា ៖កិច្ចប្រជុំនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចងសម្ព័ន្ធមេត្រីភាព ពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាព ដែលជាប្រពៃណីរវាងភាគីទាំងពីរ ធ្វើឱ្យសម្ព័ន្ធមេត្រីភាពកាន់តែរីកចម្រើន និងស៊ីជម្រៅផងដែរ។
ថ្លែងនាឱកាសនោះ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់បច្ចុប្បន្ន សម្ដេច បវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា នៅតែប្រកាន់ភ្ជាប់ និងធ្វើការណែនាំដល់រដ្ឋបាលខេត្តដែលជាប់ព្រំដែន កម្ពុជា- ថៃ ឲ្យខិតខំពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងថែរក្សាទំនាក់ទំនងល្អជាមួយខេត្តដែលជាប់ព្រំដែនគ្នា។
លោកអភិបាលរងខេត្ត បានបន្តថា៖ កិច្ចប្រជុំនេះបានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់ វិស័យរវាងខេត្តទាំងពីរ ព្រមទាំងបានផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតំបន់ព្រំដែន កម្ពុជា-ថៃ ឱ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងនាមភាគីកម្ពុជាតំណាងខេត្តបន្ទាយមានជ័យ សូមស្វាគមន៍ និងសូមឯកភាពទាំងស្រុងលើមតិយោបល់របស់ ឯកឧត្តម បរិនញ៉ា ពោធីសាធ អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ក្នុងការរកដំណោះស្រាយជាមួយគ្នាលើ ចំណុចមួយចំនួនដូចជា ៖- ភាគីទាំងពីរបានឯកភាពគ្នាក្នុងការផ្ដល់ភាពងាយស្រួល ដល់យានជំនិះរបស់មន្ត្រីរាជការ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលមានករណីបន្ទាន់ ដោយឆ្លងកាត់តាមរយៈការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តជាតិព្រំដែន ឬច្រកទ្វារតំបន់ព្រំដែន ដែលបានទំនាក់ទំនងរួចហើយជាឯកសារផ្លូវការក្នុងពេលធ្វើដំណើរម្តងៗ និងឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាឆ្លងដែនខុសច្បាប់ ។- ស្នើសុំចុះកិច្ចសហការឲ្យភាគីកម្ពុជា ជួយបង្កលក្ខណៈងាយស្រួលឲ្យដល់ពលករកម្ពុជាតាមរដូវកាល ដែលបានចូលមកធ្វើការក្នុងខេត្តស្រះកែវ និងខេត្តចន្ទបុរី។ -ការទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀន សារធាតុគីមី សារធាតុវិទ្យុសកម្ម នៅតាមតំបន់ព្រំដែន ។- រួមគ្នាលើការរឹតបន្តឹងទប់ស្កាត់ ការពារ និងតាមដានការលោបលួចជួញដូរអាវុធជាតិផ្ទុះតាមខ្សែបន្ទាត់ព្រំដែន និងឧក្រិដ្ឋកម្ម ផ្សេងៗ ។- កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដូចជា វិស័យពាណិជ្ជកម្មព្រំដែន វិស័យកសិកម្ម វិស័យសុខាភិ បាល វិស័យបរិស្ថាន ការគ្រប់គ្រងក្រុមហន្តរាយ និងវិស័យអប់រំផងដែរ។
ជាចុងបញ្ចប់នៃកិច្ចប្រជុំ គណៈអធិបតីក៏បាន ចុះអនុស្សរណៈ យោគយល់គ្នា ក្រោមយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចរវាងខេត្តទាំងពីរ និងព្រមទាំងមានការប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ទៅវិញទៅមកផងដែរ ៕ ដោយ៖ វណ្ណា