ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ី បានរាយការណ៍នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានមកដល់កំពង់ផែ Vostochny ក្នុងតំបន់ Amur ចុងបូព៌ារបស់រុស្ស៊ី។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាស្ថានភាពក្នុងតំបន់និងអន្តរជាតិ។
ប៉ុន្មានម៉ោងមុននេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងពីរគ្រាប់ចូលទៅក្នុងសមុទ្រ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានជូនដំណឹងអំពីការបាញ់បង្ហោះចុងក្រោយរបស់កូរ៉េខាងជើង ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ ហើយបាននិយាយថា ខ្លួនកំពុងរង់ចាំលទ្ធផលវិភាគ។
លោក គីម ជុងអ៊ុន បានមកដល់ប្រទេសរុស្ស៊ីតាមរថភ្លើងឯកជនកាលពីថ្ងៃទី១២ ខែកញ្ញា តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។ នេះជាដំណើរទស្សនកិច្ចទៅបរទេសលើកដំបូងរបស់មេដឹកនាំកូរ៉េខាងជើងចាប់តាំងពីឆ្នាំ២០១៩មក។
កន្លងមកនេះ ក្រុមមន្រ្តីនិងអ្នកជំនាញរបស់សហរដ្ឋអាមេរិក បានអះអាងថា រុស្ស៉ីមានការចាប់អារម្មណ៍លើសព្វាវុធរបស់កូរ៉េខាងជើង ដោយចង់ទិញគ្រាប់រំសេវ ដូចជាគ្រាប់កាំភ្លើងធំនិងមីស៉ីលប្រឆាំងរថក្រោះជាដើមដើម្បីយកទៅប្រើប្រាស់ក្នុងសង្រ្គាមឈ្លានពានរបស់ខ្លួននៅឯអ៊ុយក្រែន។ ចំណែកខាងទីក្រុងព្យុងយ៉ាងក៏អាចទទួលបានផលប្រយោជន៍មកវិញផងដែរ ខណៈដែលខ្លួនចង់បានបច្ចេកវិទ្យាផ្កាយរណបទំនើបៗនិងបច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ៕ ដោយធីរីណា
រូបថត: kremlin.ru