ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនអនាថា និងអ្នកប្រេីប្រាស់សារធាតុញៀនប្រុសស្រី សរុបចំនួន ៦៥នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ ខណ្ឌច្បារអំពៅ និងខណ្ឌជ្រោយចង្វា ចុះប្រមូលនៅតាមទីសាធារណៈ និងតំបន់មិនរៀបរយ និងកសាងនីតិវិធីបញ្ជូនទៅមណ្ឌលកែប្រែឱកាសខ្ញុំ ចំណែកមានមនុស្សចំនួនទៀតត្រូវបានឱ្យត្រលប់ទៅផ្ទះវិញ រីឯអ្នកខ្លះត្រូបបញ្ជូនខ្លូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា ដោយមានការសម្របសម្រួលពីព្រះរាជអជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យប្រឆាំងគ្រឿង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ បានចុះសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានធ្វេីការចុះរដ្ឋបាលប្រមូលជនអនាថា និងអ្នកប្រេីប្រាស់សារធាតុញៀន នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន៣៧នាក់ (ស្រី១១នាក់) ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចធ្វើតេស្តទឹកនោមរកឃើញរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន សរុបចំនួន ២៧នាក់ និងអវិជ្ជមាន ចំនួន ១០នាក់ (បានធ្វើការអប់រំឱ្យត្រលប់ទៅផ្ទះវិញ)។
បច្ចុប្បន្នជនសង្ស័យវិជ្ជមានខាងលើ កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់។
ជាមួយគ្នានោះ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ចុះប្រមូលជនអនាថា និងអ្នកប្រើប្រាស់សារធាតុញៀន ចំនួន២៨នាក់ (ស្រី០២នាក់) បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការណែនាំអប់រំ និងកសាងនីតិវិធីបញ្ជូនទៅមណ្ឌលកែប្រែឱកាសខ្ញុំ៕ ដោយ៖សហការី