នាយករដ្ឋមន្ត្រីកម្ពុជា​ ទទូចឱ្យអ្នកវិនិយោគចិន ចូលមករកស៊ីនៅកម្ពុជា

ចែករំលែក៖

ប្រទេសចិន​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃសុក្រទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ​ នាឱកាសឆ្លៀតពេលពីដំណើរ​ទស្សនកិច្ច​ដ៏មមា​ញឹក​ចូល​រួម​ក្នុងវេទិកាសំណេះសំណាល និងពិសារអាហារជាមួយអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចចិន និងកម្ពុជា​ ក៏​បានទទូចឱ្យអ្នក​វិនិ​យោគចិន ចូលមកវិនិយោគនៅកម្ពុជា ជាមួយការលើកបង្ហាញទិដ្ឋភាពច្បាប់ និងគាំពារ​ជា​ច្រើន​របស់រាជរដ្ឋាភិបាលសម្រាប់អ្នកវិនិយោគ។​ ការទាក់ទាញអ្នកវិនិយោគគឺជារបៀបវារៈដ៏សំខាន់មួយនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីទៅកាន់ប្រទេស​ចិន។

ជាមួយគ្នានេះ​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់អ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចកម្ពុជា និងចិន ដែលចូលរួមក្នុងពិធីនោះថា កម្ពុជាកំណត់យក​ឆ្នាំ​២០២៣ គឺជាឆ្នាំនៃការចាប់ផ្តើមជំរុញសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅសម្រេចគោលនយោបាយជាប្រទេសមានសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ២០៥០។

សម្តេចធិបតី បានថ្លែងថា ឈរលើស្មារតីរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចផ្ទាល់នោះ បានធ្វើច្បាប់វិនិយោគ ដែលមានយន្តការ​លើកទឹកចិត្ត ទាក់ទាញ និងជាក់លាក់ ក៏ដូចជាច្បាប់ភាពជាដៃគូវិស័យសាធារណៈ ឯកជន ជាឧទាហរណ៍មួយនៃការប្តេជ្ញាចិត្ត។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលបានកំណត់ធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច ការវិនិយោគ ទាំងវិស័យឯកជនជាអាទិភាព។

ជាមួយគ្នានោះ រាជរដ្ឋាភិបាល ក៏នឹងពង្រឹងកិច្ចសន្ទនាជាមួយវិស័យឯកជនឱ្យកាន់តែខ្លាំងឡើងតាមរយៈការរៀបចំវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនឱ្យបានទៀងទាត់ ដោយសម្តេចអញ្ជើញធ្វើជាអធបិតីដោយផ្ទាល់តែម្តង។

សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត តាមការប្តេជ្ញាចិត្ត និងយន្តការដែលរាជរដ្ឋាភិបាលបានដាក់ចេញនេះ កម្ពុជានឹងក្លាយជាគោលដៅដ៏ទាក់ទាញ និងមានសក្តានុពលរបស់វិស័យឯកជន។

ជាមួយនឹងទទូចឱ្យអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចចិនចូលមកសិក្សា និងវិនិយោគនៅកម្ពុជាហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធានាអះអាងការពារអ្នកវិនិយោគចិនយ៉ាងដូច្នេះ «រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ការគាំទ្រ និងកិច្ចសម្របសម្រួលគ្រប់រូបភាព ដើម្បីឱ្យធុរជន និងអ្នកវិនិយោគចិន អាចធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាប្រកបដោយផ្លែផ្កា និងរីកចម្រើន»។

សូមបញ្ជាក់ថា ការកៀរគរវិនិយោគ ជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋ។ ដូច្នេះដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងទៅកាន់​ប្រទេស​ចិននេះ ការទាក់ទាញការវិនិយោគក៏ជារបៀបវារៈដ៏ចាំបាច់មួយសម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។

ក្រោយពេលអញ្ជើញដល់ប្រទេសចិនភ្លាម មិនបានបង្អែ​បង្អង់​នោះ​ឡើយ ទោះបីចំណាយពេល​លើ​យន្តហោះ​ច្រើនម៉ោងយ៉ាងណាក្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួប​ជា​​មួយនឹងក្រុមវិ​និ​យោគធំៗ​របស់ចិនជាបន្តបន្ទាប់។ សម្តេចធិបតី បានជួបក្រុមហ៊ុនវិនិយោគធំៗរបស់​ចិនចំនួន​៤ រួមមាន៖ ក្រុមហ៊ុន SINOMACH Heavy Equipment Co., Ltd. ជាក្រុមហ៊ុនវិនិយោគ​ផ្នែក​ថាមពលអគ្គសិនី, China Road and Bridge Corporation (CRBC) ជាក្រុមហ៊ុនវិនិ​យោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ជាពិសេសកំពុងសាងសង់ផ្លូវល្បឿន​លឿន​នៅកម្ពុជា, ក្រុមហ៊ុន China Huaneng Group ជាក្រុមហ៊ុនផ្នែកថាមពល​អគ្គិសនី និងជាក្រុមហ៊ុនបានសាងសង់វារីអគ្គិសនីសេសានក្រោម២នៅកម្ពុជាផងដែរ និងក្រុមហ៊ុន​មួយ​ទៀត គឺក្រុមហ៊ុន Huawei Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស​របស់​ចិន។

ក្នុងជំនួបជាមួយក្រុមហ៊ុនធំៗរបស់ចិនទាំង៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេច​អំពីគោលនយោបាយពាក់ព័ន្ធការវិនិយោគនៅកម្ពុជា ហើយក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន​បន្តវិនិយោគនៅកម្ពុជា ព្រមទាំងបានស្នើឱ្យជួយបណ្តុះបណ្តាលផ្នែកអគ្គសិនី និងបច្ចេកវិទ្យា​ឌីជី​ថល ដើម្បីពង្រីកសមត្ថភាពរបស់កូនខ្មែរលើជំនាញអគ្គិសនី និងបច្ចេកវិទ្យាឌីជីថល។ ក្នុងជំនួប​ជាមួយក្រុមហ៊ុន Huawei សម្តេចធិបតីនាយករដ្ឋមន្ត្រីចង់ឃើញក្រុមហ៊ុនមួយវិនិយោគលើការ​ផលិត​សម្ភារៈគ្រឿងបង្គំអេឡិចត្រូនិកនៅកម្ពុជាផងដែរ៕ដោយ​៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print