ខេត្តស្វាយរៀង: មានករណីគ្រោះធម្មជាតិមួយបានកើតឡើង ខណៈដែល២នាក់ប្ដីប្រពន្ធកំពុង
ច្រូតស្មៅនៅឯវាលស្រែ ស្រាប់តែចៃដន្យអាក្រក់មានភ្លៀងនិងរន្ទះបាញ់ត្រូវមួយគ្រាប់បណ្ដាលអោយស្លាប់និងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋានទាំងថ្ងៃត្រង់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៣ស្ថិតនៅភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ស្ត្រីជាប្រពន្ធដែលស្លាប់មានឈ្មោះជូ សុវណ្ណដារា អាយុ ៣៥ឆ្នាំ មុខរបរកសិករ នៅភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល និងប្ដីរងរបួសធ្ងន់មានឈ្មោះពៀន រ៉ា អាយុ៣២ឆ្នាំ មុខរបរកសិករ។
តាមសាក្សីបានអោយដឹងថា មុនកើតហេតុគេឃើញ២នាក់ប្ដីប្រពន្ធបាននាំគ្នាជិះម៉ូតូទៅច្រូតស្មៅនៅឯវាលស្រែខាងក្រោយផ្ទះចម្ងាយ២០០ម៉ែត្រអោយគោស៊ី។ ក្រោយមកស្រាប់តែមេឃងងឹតនិងមានភ្លៀងរលឹមស្រិចៗ ខណៈនោះមានរន្ទះបាញ់មួយគ្រាប់ឮសូរផាំងធ្វើអោយអ្នកភូមិម្នាក់ៗរត់ចូលជ្រកក្រោមផ្ទះរៀងៗខ្លួន។
ប្រភពបន្តថា ក្រោយពីរាំងភ្លៀងស្រាប់តែមានការភ្ញាក់ផ្អើលដោយប្រទះឃើញ២នាក់ប្ដីប្រពន្ធដេកដួលលើវាលស្រែ ទើបអ្នកភូមិនាំគ្នាប្រញាប់ប្រញាល់ជួយសង្គ្រោះនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ប៉ុន្តែអកុសលស្ត្រីជាប្រពន្ធបានដាច់ខ្យល់ស្លាប់ចំណែកប្ដីត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
សពស្ត្រីជាប្រពន្ធត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ ដោយ:សុថាន