ភ្នំពេញ : តាមរយៈការស្រាវជ្រាវដោយប្រើបច្ចេកវិទ្យា LiDAR និងផែនទីដែលបង្ហាញទាំងនេះ យើងអាចឃើញយ៉ាងច្បាស់ថា ការរៀបចំក្រុងនៅកោះកេរ ពេលដែលព្រះបាទជ័យវរ្ម័នទី៤ យាងទៅដល់នៅឆ្នាំ៩២១នៃគ.ស ព្រះអង្គបានគិតគូររួចជាស្រេចលើការផ្គត់ផ្គង់ទឹកនៅក្នុងរាជធានីរបស់ព្រះអង្គ។ ហើយក្រោយពេលដែលព្រះអង្គបានឡើងសោយរាជ្យនៅក្នុងឆ្នាំ៩២៨នៃគ.ស នយោបាយនៃការរៀបចំ និងគ្រប់គ្រងធារាស្ត្រគឺកាន់តែពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីធានាអោយបានសម្រាប់ការប្រើប្រាស់ទឹករបស់ប្រជារាស្ត្រនៅក្នុងរាជធានី។
សូមបញ្ជាក់ថា : ស្វែងយល់ អំពី ប្រព័ន្ធធារាសាស្ត្រនៅរាជធានីកោះកេរ បាន(ដកស្រង់ចេញពីសៀវភៅ «កោះកេរ និងព្រះបាទជ័យវរ្ម័នទី៤» ដោយបណ្ឌិត ចិន្ត ច័ន្ទរតនា) #កេរដំណែលខ្មែរ ។
ក្នុងនោះ «រហាល» បានដើរតួនាទីយ៉ាងសំខាន់ ជាអាងស្តុកទឹកសម្រាប់ប្រើប្រាស់ផង និងជានិមិត្តរូបនៃមហាសមុទ្រទាំង៧នៃក្នុងជំនឿលោកធាតុនិយមនៃព្រហ្មញ្ញសាសនាផង។ ម្យ៉ាងវិញទៀត ដើម្បីទប់ទល់នឹងគ្រោះធម្មជាតិដូចជាទឹកជំនន់នារដូវវស្សា ព្រះអង្គក៏បានបញ្ជាអោយគេកសាងទំនប់យ៉ាងវែងនៅខាងជើងរាជធានីផងដែរ។ ទំនប់ខាងជើងនេះគឺប្រើសម្រាប់ជាអាងស្តុកទឹកសំខាន់ជាងគេ ដើម្បីទុកប្រើប្រាស់នៅរដូវប្រាំង។ ក្រៅពីរហាល និងទំនប់ខាងជើងរាជធានី យើងឃើញមាន ស្ទឹង ប្រឡាយ ត្រពាំង ស្រះ(តូច-ធំ)ជាច្រើននៅក្នុង នៅក្រៅរាជធានី ដែលគេទុកសម្រាប់ប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃ និងក្នុងពិធីសាសនាផ្សេងៗ។ យោងតាមសិលាចារឹកនៅសម័យនោះ(ស.វទី១០) មនុស្សដែលរស់នៅក្នុងរាជធានី លិង្គបុរៈ ឬ ឆោកគគ៌្យ (កោះកេរ) មានចំនួនប្រមាណមួយម៉ឺននាក់ ៕
ដោយ : សហការី