ខេត្តតាកែវ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឲ្យមានការផ្សព្វផ្សាយព្រឹត្តិការណ៍អបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី២០ ខែកញ្ញា ខាងមុខ។
សូមបញ្ជាក់ថា : នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ នាយករដ្ឋមន្ត្រីកម្ពុជានឹងចូលរួមព្រឹត្តិការណ៍អបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៃព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីបានព្យាយាមជាច្រើនឆ្នាំក្នុងការដាក់បញ្ជូលតំបន់ប្រវត្តិសាស្ត្រមួយនេះ។
ក្នុងឱកាសជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងស្រុកបាទី ខេត្តតាកែវ ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចអធិបតី ហ៊ុន ម៉ាណែត បានជំរុញទៅដល់ពលរដ្ឋឲ្យចូលរួមក្នុងព្រឹត្តិការណ៍មួយនេះដោយចូលរួម ទូងស្គរ គោះខ្មោះ ធ្វើអ្វីក៏ដោយឲ្យចេញជាសំឡេងអដើម្បីបអរសាទរ នៅព្រឹកម៉ោង៧ ថ្ងៃទី២០ ខែកញ្ញាផ្ទាល់តែម្ដង ខណៈនៅពេលល្ងាចនឹងមានព្រឹត្តិការណ៍ធំផងដែរ។
សម្ដេចមហាធិបតីថ្លែងថា : ការធ្វើបែបនេះគឺដើម្បីបង្ហាញពីមោទនភាពនិងអរគុណជូនចំពោះដូនតាកម្ពុជា ដែលបានកសាងនូវទឹកដី ប្រាសាទបុរាណ និងប្រវត្តិសាស្ត្ររបស់កម្ពុជាឲ្យមានរហូតមកដល់បច្ចុប្បន្ន។
ដោយឡែកនៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨:០០យប់ នឹងមានរៀបចំពិធីអបអរសាទរ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជី “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ ទទួលបានជោគជ័យ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់ ចាប់ពីម៉ោង ១៨:០០ យប់ រហូតដល់ចប់ពិធី នៅតាមទីតាំងមួយចំនួនដូចខាងក្រោម៖
១-សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ
២-សូនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
៣-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញនឹងចូល រួមទស្សនាការផ្សាយបន្តផ្ទាល់នេះឱ្យបានច្រើនកុះករ និងអធិកអធម៕