ភ្នំពេញ : បើយោងតាមអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានអោយដឹងថា : នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាតំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទៅចូលរួមសន្និសីទ ស្តីពី វេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតចិន។
សន្និសីទ ស្តីពី វេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣ ឬហៅថាវេទិកា “លានអ៉ីនកាង” នឹងរៀបចំធ្វើឡើងនៅខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៩-២១ ខែកញ្ញា ឆ្នាំ២០២៣ ដែលនឹងពិភាក្សាសំខាន់លើខ្លឹមសារ One World, Common Security ឆ្លុះបញ្ចាំងអំពីតថភាពបច្ចុប្បន្ន នៃចក្ខុវិស័យវែងឆ្ងាយ ស្តីពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការទូលំទូលាយប្រកបដោយចីរភាព ដែលផ្តោតសំខាន់លើទស្សនៈថែរក្សាសន្តិសុខសកល។
តាមកម្មវិធីដែលបានគ្រោងទុក នាឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងថ្លែងសុន្ទរកថា គាំទ្រ និងមានចំណាប់អារម្មណ៍លើកឡើងអំពីការវិវត្តន៍ នៃស្ថានភាពសន្តិសុខក្នុងតំបន់ និងសកល ក៏ដូចជាកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិច្បាប់ ក្នុងវេទិកាសន្តិសុខសាធារណៈសកលនោះ ផងដែរ៕
ដោយ ៖ សហការី