អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជាង ២,៥ពាន់លានដុល្លារស្មើជាង ៧១ភាគរយ​ គិតត្រឹម​៨ខែ ឆ្នាំ២០២៣នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ គិតត្រឹម​រយៈពេល ៨ខែ ក្នុងឆ្នាំ២០២៣នេះ ចំណូលពន្ធអាករប្រមូលបានជាក់ស្ដែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានប្រមាណជាង ២៥៥០,៥៦ លានដុល្លារ ស្មើនឹង ៧១,៤១ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ដោយឡែកការប្រមូលចំណូលក្នុងខែសីហា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៩៦២ ប៊ីលានរៀល ឬប្រមាណជា ២៣៧,៥៣ លានដុល្លារ ស្មើនឹង ៦,៦៥ភាគរយ ។​ នេះបេី​យោង​តាម​របាយការណ៍​អគ្គនាយកដ្ឋានពន្ធដារ​ បានបង្ហាញ​អំពី​ទិន្នន័យរបស់ខ្លួន។

បើតាមការបញ្ជាក់របស់លោក​ គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញលទ្ធផលនៃការប្រមូលពន្ធ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធដារ ដោយអគ្គនាយកដ្ឋានពន្ធដារប្រមូល បាន ១០ ៣២៩,៧៨ ប៊ីលានរៀល ឬប្រមាណ ២ ៥៥០ លានដុល្លារស្មើនឹង ៧១,៤១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

លោកអគ្គនាយកដ្ឋានពន្ធដារ​ បានឱ្យដឹងទៀតថា ការប្រមូលបំណុលពន្ធមានការថយចុះសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២៣ ពោលគឺធ្លាក់ចុះ ២២,៦៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដោយចំណូលតាមសកម្មភាពសំខាន់ៗមួយចំនួនមានការថយចុះ។ ក្នុងនោះ កម្មន្តសាលភេសជ្ជៈ ឬផលិតភេសជ្ជៈថយចុះ ២,២៨% អចលនទ្រព្យថយចុះ ៩,០៦% ការសាងសង់ថយចុះ ២,១៥%) ហើយទន្ទឹមនឹងគ្នានោះ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យថយចុះ ២៦,៧៦%។

លោក​ គង់​ វិបុល​ បានថ្លែង​បន្តថា ហានិភ័យដែលបណ្តាលពីភាពមិនប្រាកដប្រជា ការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយសារការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្គ្រាមរុស្សី-អ៊ុយក្រែន ប៉ះពាល់ដល់បណ្ដាប្រទេសជាប្រភពទុនសម្រាប់វិនិយោគធំៗមកកម្ពុជា និងធ្វើឱ្យមានកំណើននៃអតិផរណា ដែលអាចជាហានិភ័យក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធឈានទៅប៉ះពាល់ទៅដល់ចំណូលពន្ធឱ្យបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ជាពិសេសមូលដ្ឋានក្នុងការព្យាករផែនការសម្រាប់ឆ្នាំបន្ទាប់។

វិស័យមួយចំនួនជាវិស័យដែលមានសក្តានុពលនៃចំណូលពន្ធផ្ទៃក្នុងជាអាទិ៍ វិស័យកាស៊ីណូ និងល្បែងភ្នាល់ អភិបាលកិច្ចល្អ (Good Governance) ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

អគ្គនាយកពន្ធដារបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់លើគុណភាពនៃការផ្តល់សេវា និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួនប្រកាន់ខ្ជាប់នូវអភិក្រមការងារ ៤ ប្រការរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជំរុញការប្រមូលពន្ធថែមទៀត។

...

គួរជម្រាបជូនថា​ ពាក់ព័ន្ធនឹងកិច្ចការប្រមូលពន្ធនេះ អគ្គនាយកដ្ឋានពន្ធដារបានប្តេជ្ញាអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបន្តអនុវត្តការងារកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ កំណែទម្រង់ និងទំនើបកម្មពន្ធដារចាប់តាំងពីឆ្នាំ២០១២ រហូតមក បានធ្វើឱ្យប្រព័ន្ធពន្ធដារ មានភាពរឹងមាំ ដែលរដ្ឋបាលកិច្ចល្អ គឺជាឆ្អឹងខ្នងនៃកំណែទម្រង់ ហើយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ខិតខំប្រឹងប្រែងស្រុះដៃគ្នាអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម និងកាន់តែសកម្មថែមទៀត ដើម្បីបន្តធានាបាននូវនិរន្តរភាព ចំណូលពន្ធ និងបន្តចូលរួមអនុវត្តការងារកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ៕ ប្រភព៖ AMS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print