ខេត្តតាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា កត្តាជំរុញសំខាន់បំផុតសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រទេស គឺអាស្រ័យលើប្រជាពលរដ្ឋ ដែលបានផ្តល់ឱកាស ជំនឿទុកចិត្ត និងបានផ្ញើជោគវាសនា តាមរយៈការចេញទៅបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ ហើយបន្តអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស នោះគឺការបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ជាអាទិភាព។ ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមផងដែរអំពីគោលជំហរ និងការប្តេជ្ញាចិត្ត គឺបន្តរក្សាលំនឹង និងបង្កើនការកែទម្រង់ឱ្យកាន់តែមុតស្រួច ក្នុងការបម្រើប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលផ្លែផ្កាជាក់ស្តែង និងកាន់តែជឿទុកចិត្ត ហើយអាចរស់នៅប្រកបដោយសេចក្តីសុខ ក្រោមម្លប់នៃសុខសន្តិភាព និងស្ថិរភាព។
ជាមួយគ្នានេះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសាទរ និងមោទកភាពជាតិបំផុត ដែល “រមណីយដ្ឋានប្រាសាទកោះកេរ” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក ដែលនេះ គឺជាមោទកភាពសម្រាប់ប្រជាជាតិខ្មែរផង និងជាកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិផងដែរ។ ការសម្រេចបាននូវភាពជោគជ័យខាងលើនេះ គឺជាសមិទ្ធផលយ៉ាងធំធេងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រឹងយ៉ាងសកម្មចាប់តាំងពីឆ្នាំ២០១៨ រហូតទទួលបានលទ្ធផលប្រកបដោយមោទកភាព នាពេលនេះ។ មួយវិញទៀត អ្វីដែលពិសេស គឺយើងទាំងអស់គ្នា ក្នុងនាមជាកូនខ្មែរ បានរួមគ្នានាំយកសមិទ្ធផលកេរដំណែល ដែលបុព្វបុរសបានបន្សល់ទុកទៅកាន់ពិភពលោកបានស្គាល់ និងយល់ច្បាស់អំពីគុណតម្លៃរបស់កម្ពុជា។
ក្នុងឱកាសនោះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីតួអង្គ ៣ សំខាន់ នៅក្នុងវិស័យការងារ ដែលត្រូវប្រទាក់ក្រឡា និងធ្វើការរួមគ្នា ក្នុងនោះ ៖ (១). រាជរដ្ឋាភិបាល, (២). និយោជក និង (៣). កម្មករ និយោជិត។ រាជរដ្ឋាភិបាល មានតួនាទីជាឪពុកម្តាយ ជាអាណាព្យាបាល ដែលជួយមើលការខុសត្រូវ និងខិតខំបង្កើន និងពង្រីកឱកាសវិនិយោគ, បង្កើតការងារ, ផ្តល់ការបណ្តុះបណ្តាល, ការធានាបរិស្ថានការងារសមស្រប ព្រមជាមួយនឹងការស្វែងរកអត្ថប្រយោជន៍ផ្សេងៗទៀត សម្រាប់ទាំងនិយោជក និងកម្មករ និយោជិត។ ចំពោះនិយោជក និងកម្មករ និយោជិតវិញ គឺប្រៀបបីដូចជាប្តីប្រពន្ធ ដែលត្រូវតែមានភាពស្និទ្ធស្នាល និងអាចរួមរស់នៅជាមួយគ្នាប្រកបដោយសេចក្តីសុខ ជាពិសេសត្រូវខិតខំដោះស្រាយបញ្ហាប្រឈមជាមួយគ្នា ដោយសន្តិវិធី និងស្របតាមច្បាប់ ហើយឈរលើផលប្រយោជន៍ទៅវិញទៅមក។
បន្ថែមពីនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា កម្ពុជា មានការខុសប្លែកពីបណ្តាប្រទេសផ្សេងទៀត ត្រង់ចំណុចថា កម្ពុជាធ្លាប់ឆ្លងកាត់របបប្រល័យពូជសាសន៍ ដែលពេលនោះ ខ្មែរបានសម្លាប់ខ្មែរគ្នាឯងយ៉ាងសាហាវឃោរឃៅ ហើយបន្ទាប់មក កម្ពុជាខ្លួនឯងក៏បានបង្កើតនូវ “នយោបាយឈ្នះ ឈ្នះ” ដែលមាន សម្តេចតេជោ ជាស្ថាបនិក និងបានក្លាយជាមូលដ្ឋានគ្រឹះក្នុងការបញ្ចប់សង្គ្រាមស៊ីវិលរ៊ាំរ៉ៃនៅកម្ពុជា ដោយបង្កើតបាននូវសុខសន្តិភាពពេញលេញរហូតដល់បច្ចុប្បន្ននេះ។ ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការអភិវឌ្ឍ គឺត្រូវប្រកាន់ខ្ជាប់នូវអត្តសញ្ញាណរបស់ខ្មែរ ហើយត្រូវអភិវឌ្ឍតាមបែបរបស់ខ្មែរ។
ឆ្លៀតក្នុងឱកាសនេះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ច្បាស់ថា ការបំពេញទស្សនកិច្ចនៅប្រទេសចិន គឺដើម្បីបញ្ជាក់ជំហរគោលនយោបាយការទូតរបស់កម្ពុជាជាមួយប្រទេសចិន ដែលរក្សានូវគោលនយោបាយដដែល ហើយក៏ជាឱកាសក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ រវាងកម្ពុជា និងចិន ផងដែរ។ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺប្រកាន់នូវជំហរនិរន្តរភាព និងសង្គតិភាព ជាមួយនឹងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏ជាគោលនយោបាយដែលឈរលើមូលដ្ឋានអធិបតេយ្យ ឯករាជ្យភាពផ្អែកលើច្បាប់ និងត្រូវបានអនុវត្តដោយភាពច្នៃប្រឌិត វៃឆ្លាត និងផ្អែកលើមូលដ្ឋានជាតិ ការតម្កល់នូវផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ហើយជាពិសេស គឺប្រកាន់ខ្ជាប់នូវគោលការណ៍បង្កើនមិត្តជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដោយស្មើមុខស្មើមាត់៕ដោយ៖ស តារា