ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញ ឲ្យអាជ្ញាធរខណ្ឌ បង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង ឲ្យបានខ្លាំងក្លាបំផុត ជាមួយ និងការចុះពិនិត្យនៅតាមដាន មើល តាមបៀហ្កាឌៀន.បារាំង និងហាងផ្សេងៗទៀត ដើម្បីបង្ការនិងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។
ការជម្រុញបែបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំ ការពង្រឹងការផ្តល់សេវាតាម យន្តការច្រកចេញចូលតែមួយ និងការអនុវត្តសេចក្តីសម្រេច ស្តីពីការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួននៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ជាមួយអភិបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួននៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ របស់រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ។ ដូច្នេះទេ សម្រាប់រដ្ឋបាលរាជធានី ខណ្ឌ ត្រូវយកចិត្តទុកដាក់អោយបានខ្លាំងខ្លាបំផុតក្នុងការបំរើសេវាជូនប្រជាពលរដ្ឋ ពិសេសគឺការអនុវត្ត ការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនសម្រាប់ប្រជាពលរដ្ឋដែលកំពុងអាជីវកម្មខ្នាតតូចនៅក្នុងមូលដ្ឋានរបស់ខ្លួនទៅតាមប្រកាសអន្តរ ក្រសួងលេខ ១៤៣៤២ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការ ផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកឃួង ស្រេង បានបន្តថា៖ សម្រាប់ច្រក ចេញ ចូលតែមួយ ត្រូវតែបំរើសេវាជូនប្រជាពលរដ្ឋអោយបានលឿន ប្រកបដោយគុណភាព តម្លាភាពនិង ទាន់ពេលវេលា ពិសេសថែមទៀតនោះ ត្រូវតាមដានមើល ច្រក ចេញចូលតែមួយនៅថ្នាក់សង្កាត់ធ្វើយ៉ាងណាទម្រង់ទិសអោយមន្ត្រីរបស់យើងអនុវត្តអោយបានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។បើថ្នាក់សង្កាត់អនុវត្តមិនបានត្រឹមត្រូវ ថ្នាក់ខណ្ឌនេះហើយ ជាអ្នកទទួលខុសត្រូវ ដូច្នេះត្រូវមើលការងារនេះអោយបានគ្រប់ជ្រុងជ្រោយ។
លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ បើទោះបីយើង ផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនក្តី ប៉ុន្តែអាជីវកម្មរបស់ពួកគាត់មួយចំនួននោះ ក៏ត្រូវតែក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់យើងដែរ ដោយក្នុងនាមយើងជាអាណាព្យាបាលពួកគាត់ ត្រូវតែរក្សាអោយបាននូវសន្តិសុខនិងសណ្តាប់ធ្នាប់ជូនពួកគាត់ ។
ពាក់ព័ន្ធនិងការងារសន្តិសុខនេះដែរ លោកឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌ ពិសេសខណ្ឌដូនពេញ ត្រូវបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង់អោយបានខ្លាំងក្លាបំផុត ជាមួយនិងការចុះពិនិត្យនៅតាមដានបា បារាំង ដើម្បីបង្ការនិងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។
សូមបញ្ជាក់ថា៖ ចំពោះការផ្អាកផ្តល់សេវារដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទ ដែលកំណត់ដោយប្រកាសអន្តរក្រសួងលេខ ១៤៣៤២ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការ ផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន៖
អាជីវកម្មសិល្បៈសូនរូប ទីតាំងផលិត និងលក់ចម្លាក់ ពុម្ភស៊ីម៉ងត៍ ជាងគំនូរ ។ អាជីវកម្មកាត់សក់ អ៊ុតសក់ លម្អក្រចក និងសម្អាងការ (ហាង) កាត់សក់បុរស (ចាប់ពី ២កៅអី ទៅ ៤កៅអី)-កាត់សក់បុរស (ចាប់ពី ៥កៅអី ឡើងទៅ) – អ៊ុតសក់ កាត់សក់ លម្អក្រចក ( ចាប់ពី ២កៅអី ទៅ ៤កៅអី) – អ៊ុតសក់ កាត់សក់ លម្អក្រចក (ចាប់ពី ៥កៅអី ឡើងទៅ – សម្អាងការ (តម្លៃក្រោម ៥០០ដុល្លារអាមេរិក) -សម្អាងការ ( តម្លៃចាប់ពី ៥០០ដុល្លារអាមេរិក ដល់ក្រោម ១.០០០ដុល្លារអាមេរិក) ។ – អាជីវកម្មលក់សម្ភារកីឡា រួមទាំងការធ្វើសុពលភាពឡើងវិញ ។- ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងស្រុក – តូបលក់អាហារ – ហាងលក់គុយទាវ កាហ្វ- ម៉ូតូឌុបទេសចរណ៍ – ម៉ូតូជួលទេសចរណ៍ – រ៉ឺម៉កម៉ូតូដឹកទេសចរណ៍ – ផលិតជើងតាង ពាង លូ ឥដ្ឋការ៉ូ -ធ្វើទៀន ធូប -ដំឡើងម៉ាស៊ីនអគ្គិសនីសម្រាប់ធ្វើសេវាកម្មបញ្ចូលអាគុយ ដែលមានកម្លាំងមិនលើសពី ២៥គីឡូវ៉ាត់-ជួសជុលគ្រឿងអគ្គិសនីអេឡិចត្រូនិក- លាងរថយន្ត ម៉ូតូ លាងម៉ូតូ . វិស័យពាណិជ្ជកម្ម-លិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម. វិស័យកសិកម្ម – លិខិតអនុញ្ញាតធ្វើអាជីវកម្មលក់ដុំ រាយ សម្ភារកសិកម្មផ្សេងៗជាច្រើនទៀត៕. សំរិត