អគ្គិភ័យបានឆាបឆេះផ្ទះ១ខ្នងឈើលើថ្មក្រោមខូចខាតអស់ទាំងស្រុងនៅស្រុកថ្មពួក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ អគ្គិភ័យបានឆាបឆេះផ្ទះ១ខ្នងឈើលើថ្មក្រោមខូចខាតអស់ទាំងស្រុង ហើយតាមការសន្និដ្ឋានដំបូងអាចឆ្លងចរន្តអគ្គិសនីបង្កអោយឆាបឆេះនៅល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតក្នុងភូមិ-ឃុំគំរូ ស្រុកថ្មពួក។

    លោក យ៉ុង យឺន អភិបាលរងស្រុកថ្មពួកបានប្រាប់ថា៖ នៅពេលដែលអគ្គិភ័យឆាបឆេះផ្ទះគឺម្ចាស់កំពុងនៅក្រោមផ្ទះជាមួយកូនចៅ ហើយអគ្គិភ័យបានឆាបឆេះផ្ទះផ្នែកខាងលើយ៉ាងសន្ធោសន្ធៅទើបដឹង ដែលផ្ទះនេះស្ថិតនៅទល់មុខអធិការដ្ឋាននគរបាលស្រុកថ្មពួកផង ទើបមានរថយន្តពន្លត់អគ្គិភ័យ១គ្រឿងនិងកម្លាំងចេញធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ តែអគ្គិភ័យបានឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងទៅហើយ តែមិនបណ្តាលឱ្យរាលដាលឆេះផ្ទះអ្នកជិតខាងឡើយ។

    លោកបានបញ្ជាក់ថា៖ មូលហេតុដែលអគ្គិភ័យឆាបឆេះផ្ទះ១ខ្នងឈើលើថ្មក្រោមអស់ទាំងស្រុងនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កការឆាបឆេះផ្នែកខាងលើរួចរាលដាលមកក្រោមដែលប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកថ្មពួកប្រើប្រាស់ទឹកបូមពីប្រឡាយមុខផ្ទះបាញ់ពន្លត់មិនបណ្តាលឱ្យរាលដាលឆេះផ្ទះអ្នកជិតខាងឡើយ។

   លោក យ៉ុង យឺន បានបញ្ជាក់ថា៖ ម្ចាស់ផ្ទះដែលត្រូវភ្លើងឆាបឆេះនេះមានម្ចាស់ឈ្មោះ អើយ អាយុ៥២ឆ្នាំ(ស្ត្រីមេម៉ាយ)រស់នៅជាមួយកូនចៅ ដែលរងការខូចខាតផ្ទះឈើលើថ្មក្រោមដែលមានបណ្តោយ១២ម៉ែត្រ និងទទឹង៦ម៉ែត្រត្រូវរងការខូចខាតអស់ទាំងស្រុងដែលមិនអាចយកសម្ភារទាន់។ ពិតជាមានការសោកស្តាយណាស់ដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះគ្មានសល់អ្វី។ទោះជាយា៉ងណាទំហំនៃការខូចខាតមិនទាន់កំណត់ជាទឹកប្រាក់បាននៅឡើយ ព្រោះសមត្ថកិច្ចកំពុងស្រាវជ្រាវធ្វើកំណត់ហេតុ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print