ភ្នំពេញ : ទាំងផេក “ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK” និងផេកវិទ្យុជាតិកម្ពុជា ត្រូវបានជន អនាមិក (Hacker) លួចយកទៅគ្រប់គ្រងបានសម្រេច នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៣:០០នាទីរសៀល។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់ ទូរទស្សន៍ជាតិកម្ពុជា និង អង្គភាពអគ្គនាយកវិទ្យុជាតិ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន សូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៣:០០នាទីរសៀល ទំព័រហ្វេសប៊ុកផេកផ្លូវការ របស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលមានឈ្មោះថា “ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK” និងផេក វិទ្យុជាតិកម្ពុជា ត្រូវបានជន អនាមិក (Hacker) លួចយកទៅគ្រប់គ្រងបានសម្រេច។ ដូច្នេះ រាល់ការបង្ហោះមិនត្រឹមត្រូវនៅក្នុង ហ្វេសប៊ុក ផេក ខាងលើ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមបដិសេធ និងមិនទទួលខុសត្រូវនោះទេ។ ក្រុមការងារ បច្ចេកទេសរបស់ ទូរទស្សន៍ជាតិកម្ពុជា កំពុងសហការជាមួយមន្ត្រីជំនាញ ដើម្បីដោះស្រាយបញ្ហានេះ។ ប្រសិន បុគ្គលណាយកទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ បង្ហោះរូបភាពមិនសមរម្យ ឬព័ត៌មានមិនពិត ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម សាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ : សិលា