ភ្នំពេញ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ “រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ” នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២០ កញ្ញា ២០២៣ នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាវេលាម៉ោង ៦ល្ងាចតទៅ។
យើងទាំងអស់គ្នា អបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា
“កិច្ចថែរក្សា និងការពារសម្បត្តិបេតិកភណ្ឌជាតិ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”
សូមរម្លឹកពី ប្រព័ន្ធធារាសាស្ត្រនៅរាជធានីកោះកេរ
តាមរយៈការស្រាវជ្រាវដោយប្រើបច្ចេកវិទ្យា LiDAR និងផែនទីដែលបង្ហាញទាំងនេះ យើងអាចឃើញយ៉ាងច្បាស់ថា ការរៀបចំក្រុងនៅកោះកេរ ពេលដែលព្រះបាទជ័យវរ្ម័នទី៤ យាងទៅដល់នៅឆ្នាំ៩២១នៃគ.ស ព្រះអង្គបានគិតគូររួចជាស្រេចលើការផ្គត់ផ្គង់ទឹកនៅក្នុងរាជធានីរបស់ព្រះអង្គ។ ហើយក្រោយពេលដែលព្រះអង្គបានឡើងសោយរាជ្យនៅក្នុងឆ្នាំ៩២៨នៃគ.ស នយោបាយនៃការរៀបចំ និងគ្រប់គ្រងធារាស្ត្រគឺកាន់តែពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីធានាអោយបានសម្រាប់ការប្រើប្រាស់ទឹករបស់ប្រជារាស្ត្រនៅក្នុងរាជធានី។ ក្នុងនោះ «រហាល» បានដើរតួនាទីយ៉ាងសំខាន់ ជាអាងស្តុកទឹកសម្រាប់ប្រើប្រាស់ផង និងជានិមិត្តរូបនៃមហាសមុទ្រទាំង៧នៃក្នុងជំនឿលោកធាតុនិយមនៃព្រហ្មញ្ញសាសនាផង។ ម្យ៉ាងវិញទៀត ដើម្បីទប់ទល់នឹងគ្រោះធម្មជាតិដូចជាទឹកជំនន់នារដូវវស្សា ព្រះអង្គក៏បានបញ្ជាអោយគេកសាងទំនប់យ៉ាងវែងនៅខាងជើងរាជធានីផងដែរ។ ទំនប់ខាងជើងនេះគឺប្រើសម្រាប់ជាអាងស្តុកទឹកសំខាន់ជាងគេ ដើម្បីទុកប្រើប្រាស់នៅរដូវប្រាំង។ ក្រៅពីរហាល និងទំនប់ខាងជើងរាជធានី យើងឃើញមាន ស្ទឹង ប្រឡាយ ត្រពាំង ស្រះ(តូច-ធំ)ជាច្រើននៅក្នុង នៅក្រៅរាជធានី ដែលគេទុកសម្រាប់ប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃ និងក្នុងពិធីសាសនាផ្សេងៗ។ យោងតាមសិលាចារឹកនៅសម័យនោះ(ស.វទី១០) មនុស្សដែលរស់នៅក្នុងរាជធានី លិង្គបុរៈ ឬ ឆោកគគ៌្យ (កោះកេរ) មានចំនួនប្រមាណមួយម៉ឺននាក់។ នេះជាការ (ដកស្រង់ចេញពីសៀវភៅ «កោះកេរ និងព្រះបាទជ័យវរ្ម័នទី៤» ដោយបណ្ឌិត ចិន្ត ច័ន្ទរតនា)
#កេរដំណែលខ្មែរ ៕