ភ្នំពេញ៖ នាយឧត្តមសេនីយ៏ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជំរុញឲ្យគ្រប់ស្ថាប័នសមាគមអតីតយុទ្ធជននៅទូទាំងរាជធានីខេត្តពន្លឿនការធ្វើ បច្ចុប្បន្នភាពអតីតយុទ្ធជនកម្ពុជា និងស្រង់ស្ថិតិអតីតយុទ្ធជនឲ្យច្បាស់លាស់ និងរក ឲ្យឃើញអតីតយុទ្ធជនដែលមានជីវភាព ខ្សត់ខ្សោយខ្លាំងដើម្បីដោះស្រាយជីវភាព របស់ពួកគេ ។
ក្នុងកិច្ចប្រជុំការងារជាមួយថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជននៅទិសយោធ ភូមិភាគពិសេស នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ថា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាបានឲ្យស្ថាប័នអង្គភាព និងអាជ្ញាធរពាក់ព័ន្ធបន្តអនុវត្តឲ្យបានល្អ និងមានប្រសិទ្ធភាពក្នុងការផ្តល់សេវា របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន តាមរយៈបេឡាជាតិក្នុងនោះត្រូវយកចិត្តទុកដាក់ការអនុវត្ត គម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាព លំបាក និងគ្មានផ្ទះសម្បែងរស់នៅ ។
នាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា ដើម្បីសម្រេចបាននូវកិច្ចការនេះសមាគមគ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់គ្រប់គ្រង សមាជិកឲ្យបានច្បាស់លាស់ និងបន្តខិតខំកៀងគររកមូលនិធិជួយដល់សមាជិក ដែលជួបការលំបាកពិតប្រាកដ ដើម្បីសាងសង់ផ្ទះសម្បែងជូនពួកគាត់ឲ្យមានកន្លែង រស់នៅសមរម្យ ។
ក្នុងពិធីរំលឹកខួប៩ឆ្នាំទិវាអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅសម្តេចតេជោ ហ៊ុន សែនបាន លើកឡើងថា សន្តិភាពដែលកម្ពុជាមាននាពេលបច្ចុប្បន្នបានមកពីការបូជាសាច់ស្រស់ឈាមស្រស់របស់អតីតយុទ្ធជនកម្ពុជា ។
សម្តេចតេជោបានអំពាវនាវឲ្យសម្បុរសជនចូលរួមធ្វើសកម្មភាពមនុស្សធម៌ ជួយដល់អតីតយុទ្ធជនកម្ពុជា ។ ក្នុងពិធី រំលឹកខួបនោះសប្បុរសជនបានចូលរួម ផ្តល់ថវិកាជាង១លានដុល្លារសម្រាប់សាងសង់ផ្ទះ៣៤៥ខ្នង ជូនអតីតយុទ្ធជនដែល មានដីស្រាប់ ៕
ដោយ៖ ហេង នរិន្ទ