ភ្នំពេញ: យោងតាមមន្ត្រីនគរបាលខណ្ឌជ្រោយចង្វា បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ មានករណីមនុស្សប្រុសក្មេងចាស់៣នាក់ជិទូកស្មាច់នេសាទត្រីបណ្តាលឲ្យទូកលិចបណ្តាលឲ្យបាត់ខ្លួនក្មេងប្រុសម្នាក់ និង២នាក់ទៀតហែលរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៦នឹង៣៥នាទី ល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅទន្លេមេគង្គ ភូមិបាក់ខែងលើ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះទី១.ឈ្មោះអន ទឿន អាយុ៤៥ឆ្នាំ រស់នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា (ហែលរួច)។
ទី២.ឈ្មោះ ផល សុវណ្ណណុល អាយុ០៩ ឆ្នាំ រស់នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា (ហែលរួច)។
ទី៣. ឈ្មោះ ផល សុវណ្ណនុត អាយុ១៣ ឆ្នាំ រស់នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា (បាត់ខ្លួន)។
បន្ទាប់ពីទទួលបានពត៌មាននេះភ្លាមកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា សហការជាមួយកម្លាំងមូលដ្ឋានបានចុះជួយសង្គ្រោះជនរងគ្រោះ៣នាក់ និងបន្តស្រាវជ្រាវស្វែងរកក្មេងប្រុសដែលបាត់ខ្លួនបន្តទៀត៕ដោយ៖ ជ្រោយពេជ្រ