សហរដ្ឋអាមេរិក : នាព្រឹកថ្ងៃសុក្រ ៨ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ គណៈប្រតិភូ ចូលជួបសម្តែងការគួរសម ជាមួយលោក អង់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការ សហប្រជាជាតិ ។
ជាកិច្ចចាប់ផ្តើម, លោកអគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ សម្តេចធិបតី និង គណៈប្រតិភូ និងបានគូសបញ្ជាក់ថា ប្រទេសនីមួយៗ ជាពិសេសប្រទេសដែលមានប្រាក់ចំណូលទាប ត្រូវរៀបចំឱ្យបានច្បាស់លាស់ នូវក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច តាមរយៈ ការបន្ស៊ី ជាមួយគោលដៅអភិវឌ្ឍន៍ប្រកបចីរភាព របស់អង្គការសហប្រជាជាតិ ។ ក្នុងន័យនេះ លោកអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាក្នុងការរៀបចំយុទ្ធសាស្ត្រការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច ពោលគឺយុទ្ធសាស្ត្របញ្ចកោណដែលបានបន្សំជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ លោកអគ្គលេខាធិការ ក៏បានអរគុណដ៏ជ្រាលជ្រៅចំពោះប្រទេសកម្ពុជាដែលបានចូលរួម និង បញ្ជួន មន្ត្រីទៅបំពេញការងារកសាងសន្តិភាព នៅតាមបណ្ដាប្រទេសមួយចំនួន ។
ជាការឆ្លើយតប, សម្ដេចធិបតី ក៏មានក្តីសោមនស្សដែលបានជួបសម្តែងការគួរសមជាមួយ លោកអគ្គលេខាធិការ នៅទីក្រុងញូវយ៉ក ក្រោយពីបានជួបពិភាក្សាគ្នាកាលពី២ សប្តាហ៍មុន នៅ ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី និងបានរំលេចថា បញ្ហាប្រឈមនៅបន្តមាន គ្រាន់តែស្ថិតនៅ ក្រោមទម្រង់ផ្សេងៗគ្នាប៉ុណ្ណោះ ។ ក្នុងន័យនេះ សម្ដេចធិបតី បានរំលេចថា ការរក្សាបាននូវសន្តិភាព និង ស្ថិរភាព គឺជាអ្វីដែលប្រទេសទាំងអស់ចាំបាច់ត្រូវសម្រេចឱ្យបាននៅក្នុងកិច្ចដំណើរការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ។ ជាមួយនឹងកត្តាសន្តិភាពនេះ, ក្នុងនាមប្រជាជននិងប្រទេសកម្ពុជា, សម្តចអធិបតី សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ ដែលបានរៀបចំដំណើរការកសាង សន្តិភាព និងការរៀបចំការបោះឆ្នោតនៅកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលនាំឱ្យកម្ពុជាមានថ្ងៃនេះ ។
ជាមួយគ្នានេះ, សម្ដេចធិបតី ក៏វាយតម្លៃខ្ពស់ចំពោះការចូលរួម និងឧបត្ថម្ភគាំទ្រពីសំណាក់ អង្គការសហប្រជាជាតិ ក្នុងកិច្ចដំណើរការនៃការរៀបចំតុលាការកាត់ទោសខ្មែរក្រហម ដែលអនុញ្ញាតឱ្យ កម្ពុជាបិទបញ្ចប់នូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ដើម្បីធ្វើដំណើរឆ្ពោះទៅរកអនាគតមួយដ៏ត្រចះត្រចង់ ។ សម្ដេចធិបតី ក៏បានជម្រាបជូន ឯកឧត្តមអគ្គលេខាធិការ ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចធិបតី នឹងបន្តនូវគោលនយោបាយ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិដោយ មិនមានការផ្លាស់ប្តូរឡើយ ។ ជាក់ស្ដែង, កម្ពុជាបន្តចូលរួមនៅក្នុងកិច្ចប្រតិបត្តិការថែរក្សា និងកសាង សន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដោយបានបញ្ចូនមន្ត្រីជំនាញខាងដោះមីន និងជំនាញ ផ្សេងទៀត ទៅបំពេញបេសកកម្ម ក្រៅប្រទេស ដែលមានចំនួនប្រមាណជាង ៩០០០ ពាន់នាក់ គិតមក ដល់សព្វថ្ងៃនេះ។
ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស កម្ពុជាបន្តការកសាងសង្គមមួយ ដោយឈរលើការ គោរពច្បាប់ និងគោលការណ៍នីតិរដ្ឋ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។ ជាងនេះទៅទៀត, ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចធិបតី បានចុះហត្ថលេខាបន្តសុពលភាពអាណត្តិរបស់អ្នកវាយតម្ល ស្ថានភាពសិទ្ធិមនុស្សដែលនេះឆ្លុះបញ្ចាំងអំពីសុច្ឆន្ទៈរបស់កម្ពុជាក្នុងការកែលម្អស្ថានភាពសិទ្ធិមនុស្ស បើទោះបីជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល មិនមានប្រទេសណាអនុញ្ញាតឱ្យមានការិយាល័យ របស់អ្នកវាយតម្លៃស្ថានភាពសិទ្ធិមនុស្សក៏ដោយ។ ក្នុងទិសដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់អនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានភ្ជាប់និងបន្សំជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ។ ក្នុងន័យនេះ, កម្ពុជាចង់ទទួលបាននូវការអភិវឌ្ឍមួយប្រកបដោយចីរភាពជាមួយអង្គការសហប្រជាជាតិ និងក្នុងស្មារតីវាយតម្លៃខ្ពស់ដល់សុខសន្តិភាពពេញលេញ ដែលកម្ពុជាកំពុងទទួលបាន និងដែលជា ចំណែកនៃការខិតខំប្រឹងប្រែង និងគាំទ្រពីសំណាក់អង្គការសហប្រជាជាតិ ។
ជាមួយនឹងការពេញចិត្តចំពោះការពន្យល់ និងបកស្រាយរបស់ សម្ដេចធិបតី, លោក អគ្គលេខាធិការ បានបញ្ជាក់ជូនសារជាថ្មី កម្ពុជាគួរជឿជាក់ចំពោះប្រព័ន្ធអង្គការសហប្រជាជាតិ ដែលតែងតែមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកាត់បន្ថយភាពក្រីក្រ, ការអនុវត្តគោលការណ៍នីតិរដ្ឋ និង ការគោរពសិទ្ធិមនុស្ស ក្រោមស្មារតីឈ្នះ ឈ្នះ ។ ក្នុងន័យនេះ, អង្គការសហប្រជាជាតិនឹងបន្តគាំទ្រ និង សហការជាមួយកម្ពុជា ដើម្បីសម្រេចបានជោគជ័យនៅក្នុងមាគ៌ានៃការរៀបចំគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា ។
នៅទីបញ្ចប់, សម្ដេចធិបតី បានពាំនាំនូវការសួរសុខទុក្ខ និងការនឹករឭកពីសំណាក់ សម្ដេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះ លោកអគ្គលេខាធិការ ដែលជាមិត្តដ៏យូរលង់ និងដ៏ល្អរបស់ សម្ដេចតេជោ ៕
ដោយ : សិលា