កីឡាករ Joao Cancelo ដណ្តើមបានជ័យជម្នះចុងម៉ោងសម្រាប់ Barcelona ខណៈដែលពួកគេបានត្រលប់ទៅកំពូលតារាង La Liga ជាបណ្តោះអាសន្នជាមួយនឹងការវាយបកយកឈ្នះក្រុមភ្ញៀវ Celta Vigo ក្នុងលទ្ធផល៣ទល់២ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ កញ្ញានេះ។
ក្រុមភ្ញៀវ Celta Vigo បាននាំមុខក្នុងលទ្ធផល ២–០ ជាមួយនឹងការនៅសល់៩នាទីទៀតបញ្ចប់ការប្រកួត បន្ទាប់ពីការស៊ុតបញ្ចូលទីដោយកីឡាករ Jorgen Strand Larsen និង Tasos Douvikas ប៉ុន្តែ ក្រុមម្ចាស់ផ្ទះបានព្យាយាមរកបានគ្រាប់បាល់២គ្រាប់តាមស្មើវិញ ក្នុង ចន្លោះ ពេល តែ៤ នាទី ពីខ្សែប្រយុទ្ធ Robert Lewandowski នៅនាទីទី៨១ និងនាទីទី៨៥ បាន សង្គ្រោះ ក្តី សង្ឃឹមរបស់ Barcelona។
នៅនាទីទី៨៩ជិតនឹងចប់ការប្រកួតទៅហើយ Cancelo បានរកគ្រាប់បាល់ជ័យជម្នះត្រលប់មកវិញ នៅពេលដែលកីឡាករ Gavi បញ្ជូនបាល់ឲ្យស៊ុតយ៉ាងល្អ ដោយស៊ុតផុតដៃអ្នកចាំទី Ivan Millar ។
លទ្ធផលពេលនេះ Barcelona បានឈរនៅលើកំពូលតារាង La Liga បណ្តោះអាសន្នដោយសារមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងមុនលើក្រុម Girona ដែលទាំង២ក្រុមមាន១៦ពិន្ទុដូចគ្នា។
ក្រុម Real Madrid ដែលជាក្រុមកំពុងឈរលេខ៣ អាចត្រលប់មកឈរលើកំពូលតារាងវិញ និងនាំមុខ២ពិន្ទុលើក្រុម Barcelona និងក្រុម Girona ប្រសិនបើពួកគេយកឈ្នះក្រុមម្ចាស់ផ្ទះ Atletico Madrid ក្នុងការប្រកួត Madrid Derby នៅរាត្រីថ្ងៃអាទិត្យនេះ ៕ (រូបភាព ៖ BBC Sport)