ភ្នំពេញ: បុរសម្នាក់បានបាក់កនិងបែកក្បាលស្លាប់នៅក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុករថយន្តសណ្ដោងដឹកថ្មពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ១០ និងង ២៥ នាទីយប់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣ នៅត្រង់ចំណុចស្ពានអាកាសផ្លូវល្បឿនលឿន តាមបណ្តោយផ្លូវជាតិលេខ ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ម៉េងហ៊ុយ ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរជួយលក់គ្រឿងបន្លាស់រថយន្តឲ្យគេមួយកន្លែង មានស្រុកកំណើត ភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តសណ្ដោងដឹកថ្មមួយគ្រឿង ក្បាលរថយន្តពាក់ស្លាកលេខភ្នំពេញ3E-7255ចំណែកកន្ទុយរឺម៉កពាក់ស្លាកលេខព្រះសីហនុ4A-2203ធ្វើដំណើរតាមបណ្ដោយផ្លូវជាលេខ៤ ទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើរថយន្តក៏បានឈប់ដោយមិនដឹងថាឈប់រងចាំភ្លើងស្តុប ឬខូចរថយន្តនោះទេ ដោយឃើញតៃកុងរថយន្តចុះមកដើរមើលរថយន្ត២ទៅ៣ជុំ ស្របពេលនោះក៏ឃើញមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមសង់C 125 ពណ៌ខ្មៅស៊េរីឆ្នាំ 2015 ពាក់ស្លាកពោធិ៍សាត់1B-7757 ធ្វើដំណើរស្របគ្នាមកពីក្រោយក្នុងល្បឿនលឿនបានជ្រុល បុករថយន្តដឹកថ្មពីក្រោយពេញទំហឹងបណ្ដាលឲ្យបាក់កនិងបែកក្បាលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ៌ម។ភ្លាមនោះតៃកុងរថយន្តឃើញសភាពមិនស្រួលបានរត់គេខ្លួនចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពីក្រោយ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សុខាសែនជ័យ