ក្រសួងធម្មការ និងសាសនា ចេញសារាចរណែនាំ ស្តីពី ការអនុវត្តគោលការណ៍ប្រណិប័តន៍លើជំនឿ សាសនា ប្រពៃណីទំនៀមទម្លាប់ខ្មែរ

ចែករំលែក៖

ភ្នំពេញ : ព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ ក្នុងស្មារតីនៃការគោរព ប្រណិប័តន៍និងបណ្ដុះនូវស្មារតីសីលធម៌ និងគុណធម៌ ដែលជាប្រភពនៃការទ្រទ្រង់ព្រះពុទ្ធសាសនា ធ្វើឱ្យ កង់ពុទ្ធចក្រនិងអាណាចក្រ ធ្វើដំណើររួមគ្នាដោយខានពុំបាន ក្នុងការអភិវឌ្ឍជាតិឆ្ពោះទៅរកភាពសម្បូរ រុងរឿង – សប្បាយ រីករាយ សុខសន្តិភាព វិបុលភាពដ៏ពិតប្រាកដសម្រាប់មនុស្សជាតិ ដែលជាគោលដៅចម្បង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ក្រសួងធម្មការ និងសាសនា បានពិនិត្យឃើញថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្ន មានបុគ្គល មួយចំនួន បានធ្វើសកម្មភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម ដែលនាំឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា របៀបរៀបរយសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់សង្គមខ្មែរ និងប៉ះពាល់ដល់សិទ្ធិបុគ្គល រួមទាំងជំនឿសាសនា តាមរយៈសកម្មភាពឃោសនា ផ្សព្វផ្សាយ ដែលមានចរិតលើកទឹកចិត្តឱ្យប្រើអំពើហិង្សា អាកប្បកិរិយា អរិភាព ការរើសអើង សកម្មភាពអាសអាភាស កុហកភូតភរ ដែលទង្វើទាំងនោះមិនស្របទៅនឹងមាត្រា៤៣

នៃរដ្ឋធម្មនុញ្ញ និងបទដ្ឋានគតិយុត្តដែលមានជាធរមាន។ ឈរលើស្មារតីនេះ ក្រសួងធម្មការ និងសាសនា សូមធ្វើការណែនាំដូចខាងក្រោម៖

១-ហាមដាច់ខាតការយកត្រៃយ៍ចីវរទៅស្លៀកដណ្តប់តាមទំនើងចិត្ត ការលួចយកបូជនីយវត្ថុ ដែលធ្វើឱ្យខូចខាតដល់បូជនីយដ្ឋាននានារបស់សាសនា។

២-ហាមយកព្រះពុទ្ធសាសនាធ្វើអាជីវកម្មតាមគ្រប់រូបភាពរួមមាន៖ ទេសនា បង្រៀនធម៌ ផ្សព្វផ្សាយ ប្រាសចាកធម៌វិន័យ សេចក្តីពិតនៃព្រះធម៌ មន្តអាគមឧមអាម សីលវិជ្ជាការ (ទុវិជ្ជា)ដែលជាសកម្មភាព មានលក្ខណៈបោកប្រាស់។

៣-ហាមយកទង់ព្រះពុទ្ធសាសនា ព្រះបដិមាឬវត្ថុជាទីសក្ការៈនៃសាសនា ទៅធ្វើការទាក់ទាញ បំភាន់ ឬបោកប្រាស់មហាជន ក្នុងបំណងបម្រើផលប្រយោជន៍បុគ្គល បក្សពួកក្រុមរបស់ខ្លួន ដែលធ្វើឱ្យ ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម។ 

៤-ហាមយកពុទ្ធដីកាទៅបំប្លែង ឬកំប្លុកកំប្លែង ធម៌រ៉ែប ជេរប្រមាថ ដើម្បីស្វែងរកលាភសក្ការៈ។ ហាមយកព្រះពុទ្ធរូបឬសញ្ញាសម្គាល់ព្រះពុទ្ធសាសនា ទៅដាក់ក្នុងវត្ថុប្រើប្រាស់មិនគប្បី ដើម្បីផ្សាយ ពាណិជ្ជកម្មទាក់ទាញរកផលប្រយោជន៍ ឬតម្កល់ទុកក្នុងទីមិនសមគួរ ឬដាក់តម្កល់ដើម្បីលម្អទាក់ទាញ (ហាងផឹកស៊ី បន្ទប់ទឹក បង្គន់ ខោទ្រនាប់ ទ្រនាប់ជើងជាដើម)៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print