ភ្នំពេញ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញនេះ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក TANINAI Ichitomo រដ្ឋមន្រ្តីទូត (ទីប្រឹក្សាទូត) និងជាអនុប្រធានបេសកកម្មការទូត នៃស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
ជំនួបនេះបានពិភាក្សាអំពីគម្រោងផែនការសកម្មភាពការងារ កិច្ចសហប្រតិបត្តិការរួមគ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជុំវិញគម្រោងការងារសំខាន់ៗដែលក្រសួងបាន និងកំពុងអនុវត្តកន្លងមករហូតដល់ពេលបច្ចុប្បន្នដូចជា៖ ការកសាងផ្លូវជនបទ និងការសាងសង់ផ្លូវជាតិលេខ៥ និងការតភ្ជាប់អាស៊ាន ការអភិវឌ្ឍ កាបូមស្តារគន្លងនាវា និងការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ការអនុវត្តគម្រោងជំនួយបច្ចេកទេសធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មកម្ពុជា ជំហានទី១ និងទី២ ការសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ខាងត្បូងរាជធានីភ្នំពេញ ដែលគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៣ និងគម្រោងជំនួយបច្ចេកទេសថ្មីៗដូចជាគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មកម្ពុជាជំហានទី៣ ការសិក្សាផែនទីនាវាចរណ៍សមុទ្រ ដែលគ្រោងនឹងអនុវត្ត ចុងឆ្នាំ២០២៣នេះ។
ឆ្លើយតបទៅនឹងសំណូមពររបស់គណៈប្រតិភូស្ថានទូតជប៉ុននាឱកាសនោះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនអំពីគម្រោងផែនការសកម្មភាពការងារ១០០ថ្ងៃ របស់ក្រសួង ក៏ដូចជា លោករដ្ឋមន្ត្រីផ្ទាល់រួមមានការត្រៀមសម្ពោធបើកប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ទស្សនកិច្ចផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងច្រកទ្វារព្រំដែនបាវិត ការចុះសួរសុខទុក្ខមន្រ្តីរាជការរាជធានី-ខេត្ត។
បន្ថែមពីលើនេះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានសន្យាលើកយកទៅពិភាក្សាផ្ទៃក្នុងជាមួយរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ទាក់ទងនឹងសំណើរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ជប៉ុនយ៉ាស៊ិគិ ស្តីពីការជួសជុលឡើងវិញ កំណាត់ផ្លូវប្រវែង១០០ម៉ែត្រក្នុងតំបន់ទ្រនាប់ (Buffer Zone) នៃច្រកទ្វារអន្តរជាតិចាំយាម(កម្ពុជា)-ហាត់លឹក(ថៃ) សំដៅជួយសម្រួលការដឹកជញ្ជូនទំនិញនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ទៅកាន់កំពង់ផែប្រទេសថៃ។
សូមជម្រាបជូនថា៖ ប្រទេសជប៉ុន (JICA) តែងតែសហការ និងផ្ដល់ជូនកម្ពុជានូវជំនួយទាំងសម្ភារ និងបច្ចេកទេសផ្សេងៗលើផ្នែកជាច្រើនក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រួមមាន៖ គម្រោងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា គម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចណ៍លើដងផ្លូវជាតិសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា និងគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ (ព្រែកក្តាម-បន្ទាយមានជ័យ) ជាដើម៕ដោយ៖សហការី