ភ្នំពេញ ៖ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន សុងការណ៍ មួយគ្រឿង បានបើកបុកជាមួយរថយន្ត ប៉ាសឺរ៉ូ ពីចំហៀងនៅត្រង់ចំណុចភ្លើងស្តុបផ្លូវបែកជាបួនពេញទំហឹង បណ្ដាលឲ្យក្រឡាប់សង្កត់លើម៉ូតូធូដេមួយគ្រឿងកំពុង ចតនៅកែងស្តុបអូសជាច្រើនម៉ែត្រ និងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង ២ និង ២៥ នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៧ ខែកញ្ញាឆ្នាំ ២០២៣ នៅត្រង់ចំណុចស្តុបបំបែកជាបួន តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវ១០៨ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តប៉ាសឺរ៉ូ មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2AM-4491ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០៨ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបួនកន្លែងកើតហេតុខាងលើ ក៍មានរថយន្តមន្ទីរពេទ្យឯកជន សុងការណ៍ មួយគ្រឿង ពាក់ស្លាកលេខព្រះសីហនុ2A-8564ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សទើសដៅពីត្បូងទៅជើង ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្ត ប៉ាសឺរ៉ូ ពីចំហៀងខាងស្តាំពេញទំហឹងបណ្ដាលឲ្យរថយន្ត ប៉ាសឺរ៉ូក្រឡាប់លើម៉ូតូធូដេមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ស្ពឺ1A-7241កំពុងចតនៅលើចិញ្ចើមផ្លូវកែងភ្លើងស្តុបអូសជាច្រើនម៉ែត្របណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តមន្ទីរឯកជនមួយគ្រឿងទៀតដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះក៏មិនទាន់ដឹងភាគីខាងណាខុសខាងណាត្រូវនោះទេ ព្រោះភ្លើងស្តុបមានខៀងមានក្រហម ដោយមិនទាន់ដឹងភាគីខាងណាបើកបំពានភ្លើងស្តុប។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌបានចុះមកដល់បាននាំអ្នកបើកបរភាគីទាំងសងខាង ទៅប៉ុស្តិ៍នគរបាលដើម្បីធ្វើការសួរនាំបន្ត ចំណែករថយន្តទាំងពីរគ្រឿងនិងម៉ូតូមួយគ្រឿងសមត្ថកិច្ចធ្វើការរបស់វែងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ