ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹងថា៖ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានី-ខេត្ត កាលពីថ្ងៃទី២៦ កញ្ញាម្សិលមិញ បានបន្តអនុវត្តការស៊ើបអង្កេត ត្រួតពិនិត្យ និងស្វែករកភាពមិនមានអនុលោមលើទំនិញនៅតាមបណ្ដាឃ្លាំងស្ដុកចែកចាយ ម៉ាត ផ្ទះលក់ទំនិញ និងតាមផ្សារដើម្បីទប់ស្កាត់អំពើមិនសុចរិតតាមរយៈការលក់ និងចែកចាយទំនិញដែលខូចគុណភាព និងមិនមានអនុលោមភាពដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ និងយោងទៅតាមបណ្ដឹងរបស់អ្នកប្រើប្រាស់មួយចំនួនផងដែរ។
ក្នុងប្រតិបត្តិការនោះ ជាក់ស្ដែងតាមលទ្ធផលត្រួតពិនិត្យមន្រ្តីជំនាញ បានរកឃើញ និងដកហូតទំនិញមិនមានអនុលោមភាពក្នុងការប្រើប្រាស់ ក៏ដូចជាការបរិភោគចំនួន ២០គីឡូក្រាម និងពិន័យទៅតាមនីតិវិធីផងដែរ។
ជាមួយគ្នានោះ មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តបន្ទាយមានជ័យ បានបន្តអនុវត្តយន្តការចែករំលែកចំណេះដឹកដល់ទំពាំងស្នងឬស្សីនៅតាមសាលារៀនស្របតាមអនុសាសន៍ណែនាំរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ យន្តការមួយនេះនឹងនាំចំណេះដឹងជាច្រើនដល់សិស្សានុសិស្សនៅតាមសាលារៀនឱ្យពួកកាត់បានស្វែងយល់អំពីសុវត្ថិភាពចំណីអាហារ ផលិតផលប្រើប្រាស់ដែលមានហានិភ័យ អាហារដែលងាយរងគ្រោះ និងទំនិញដែលពុំអនុលោមភាពតាមបទប្បញ្ញត្តិ។
ជាក់ស្ដែងនៅក្នុងវិទ្យាល័យស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មន្រ្តីជំនាញ ក.ប.ប. បានបើកការបង្រៀន និងផ្សព្វផ្សាយចំណេះដឹងដល់សិស្សានុសិស្សចំនួន ១២៩នាក់ ឱ្យពួកគាត់បានស្វែងយល់និងប្រយ័ត្នប្រយ៉ែងក្នុងការជ្រើសរើសចំណីអាហារមកបរិភោគ។ ថែមពីការបង្រៀន មន្រ្តីជំនាញ ក៏បានជូននូវផ្ទាំងរូមភាពណែនាំពីសុវត្ថិភាពម្ហូបអាហារជូនដល់សិស្សានុសិស្ស លោកគ្រូ នាក់គ្រូជាច្រើនផ្ទាំងផងដែរ៕
ដោយ៖សហការី