ខេត្តពោធិ៍សាត់ ៖ លោក វរៈសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានឲ្យរបាយការណ៍ជា បឋមៈ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះថា បន្ទាប់មានធ្លាក់ភ្លៀងខ្លាំងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅស្រុកវាលវែងមានការជន់លិចស្ទើរគ្រប់តំបន់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង និងក្បែៗអូរ រួមទាំងរងផលប៉ះពាល់ផលដំណាំបងប្អូនប្រជាកសិករមួយចំនួនធំផងដែរ ហេតុការណ៍គ្រោះធម្មជាតិយ៉ាងលឿនរហ័សនេះ មន្រ្តីរាជការអាជ្ញាធរមានសមត្ថកិច្ចគ្រប់ស្ថាប័ន នៃស្រុកវាលវែងបានបែងចែកទិសដៅ ចុះអន្តរាគមដើម្បីជួយសម្រួល ក្នុងនោះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ និងកម្លាំងស្ថាប័នចុះទាំងយប់ ដើម្បីជួយអន្ដរាគមនឲ្យអស់លទ្ធភាព ដែលអាចធ្វើទៅបាន ។
ក្នុងរបាយការណ៍ជាបឋមលោក អធិការ ឃើញទៀតថា លទ្ធផល៖ នៃការខូចខាតមិនទាន់ដឹងច្បាស់នៅឡើយទេ នាព្រឹកនេះ ខណៈកាលពីយប់មិញសន្ទុះទឹកហូរកួចបុកខាំង។ល។ ប៉ុន្តែទឹកស្ទឹងបានស្រកបណ្ដើរៗខ្លះហើយ ។
ដូច្នេះសូមបង្កើនការប្រុងប្រយ័ត្នថែមទៀត! ជាពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់រហូតដល់លំហរទន្លេសាប ដូចជាៈ ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ ស្រុកកណ្ដៀង ប្រឈមលិចលង់បន្តខណៈនៅស្រុកវាលវែងស្រក ម្យ៉ាងទៀតស្ថានភាពផ្ទៃមេឃនៅអាប់អ៊ួនៅឡើយ ៕
ដោយៈ ប៉ឹម ពិន