ភ្នំពេញ៖ លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះអប់រំណែនាំជាលើកចុងក្រោយ លើក្រុមអ្នកលក់ដូរបន្លែត្រីសាច់ទាំងឡាយ ឱ្យបញ្ឈប់ការយកចិញ្ចើមផ្លូវលេខ២៧១ ធ្វើអាជីវកម្មបន្តទៀត ខណះដែលកាលពីពេលកន្លង អាជ្ញាធរក៏ធ្លាប់បានចុះអប់រំជារឿយៗផងដែរ ។
ការចុះដាក់ឱសានវាទ នៃការយកចិញ្ចើមផ្លូវធ្វើអាជីវកម្មខាងលើនេះ ធ្វើឡើងនាវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅតាមបណ្តោយផ្លូវលេខ២៧១ ( ម្តុំទល់មុខផ្សារហេងលី ) ស្ថិតក្នុងសង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជាក់ស្ដែងកម្លាំងអាជ្ញាធរខណ្ឌ បានពិនិត្យឃើញថា នៅតែមានបងប្អូនពលរដ្ឋមួយចំនួន បន្តការលក់ដូរលើចិញ្ចើមផ្លូវសាធារណះដដែល បើទោះបីជាអាជ្ញាធរពន្យាចុះអប់រំពន្យល់ណែនាំច្រើនលើកច្រើនសារ ឱ្យបញ្ឈប់ការលក់ដូរបែបនេះទៀតក៏ដោយ ខណះដែលការដាក់លក់បែបនេះ វាធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ និងរបៀបរៀបរយផ្លូវសាធារណះ ក៏ដូចជាបរិស្ថានអនាម័យជាដើម ។
ជាមួយគ្នានោះ អាជ្ញាធរក៏បានណែនាំឱ្យពលរដ្ឋកំពុងលក់ដូរបំពានខាងលើ សូមឱ្យពួកគាត់ស្វែងទីតាំងថ្មី បន្តអាជីវកកម្មលក់ដូររបស់ខ្លួនបន្តទៀត ដែលជាទីតាំងត្រឹមត្រូវ ជៀសវៀងការដាក់លក់ដូរលើចិញ្ចើមផ្លូវ ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សង្គម ។
ក្រោយការអប់រំណែនាំលើកចុងក្រោយនេះត្រូវបានបញ្ចប់រួច នៅពេលខាងមុខ អាជ្ញាធរនឹងមានវិធានការរដ្ឋបាលតាមនីតិវិធីច្បាប់ ដោយដាក់កម្លាំងចុះរៀបចំ ដោយមិនទទួលខុសត្រូវលើការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនអ្នកលក់ដូរនោះឡើយ ៕ដោយ៖សហការី